កំពង់ចាម៖ ពលរដ្ឋដែលបានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម បានលើកឡើងថា វ៉ាក់សាំងនេះ មិនត្រឹមការពារជំងឺកូវីដ-១៩ទេ ប៉ុន្តែថែមទាំងអាចទប់ទល់នឹងជំងឺឯទៀតបានផងដែរ។
ប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម បានលើកឡើងពីបទពិសោធន៍ក្រោយពីទទួលបានវ៉ាក់សាំង បង្ការកូវីដ-១៩រួចមក ដែលមិនត្រឹមតែជាខែការពារ ទប់ស្កាត់កូវីដ-១៩ប៉ុណ្ណោះទេ ប៉ុន្ដែអាចទប់ទល់នឹងជំងឺដទៃទៀតផង សម្រាប់អ្នកភូមិខ្លះ។
ពួកគេ បានបញ្ជាក់ថា ឲ្យតែអាជ្ញាធរ ឬក្រុមគ្រូពេទ្យអំពាវនាវឲ្យទៅទទួលវ៉ាក់សាំង គឺមិនដែលរួញរាឡើយ ដោយបន្តចាក់គ្រប់ដូសតាមកាលកំណត់។
លោក សំរឹទ្ធ វ៉ាន់ឌី ប្រធានមណ្ឌលសុខភាពកំពង់រាប ក្នុងស្រុកកោះសូទិន បានឲ្យដឹងដែរថា បច្ចុប្បន្ន អ្នកភូមិ មិនថាក្មេង ឬមនុស្សចាស់ នៅពេលពួកគេមកទទួលវ៉ាក់សាំងរួច តែងតែលើកឡើងពីការជាសះស្បើយជំងឺផ្សេងៗ ហើយពួកគេសប្បាយរីករាយ ក្នុងការមកការចាក់ទទួលវ៉ាក់សាំង ។
ក្នុងក្របខណ្ឌខេត្តកំពង់ចាម ក្រុមគ្រូពេទ្យ បានបន្តយុទ្ធការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន ហើយបើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែសីហា នេះ ប្រជាពលរដ្ឋ ដែលបានទទួលវ៉ាក់សាំងដូសទី១ ប្រមាណជាង ៧៩ម៉ឺននាក់, ដូសទី២ ប្រមាណជាង៧៣ម៉ឺននាក់ ដូសទី៣ ប្រមាណជាង៤៨ម៉ឺននាក់ ដូសទី៤ ជាង១១ម៉ឺននាក់ និងដូសទី៥ ទើបបានជាង៩ពាន់នាក់៕
អត្ថបទ៖ ថុង សីហា