ហៃទី៖ បាតុករប្រមាណ ២ពាន់នាក់នៅក្នុងរដ្ឋធានីប្រទេសហៃទី និងទីក្រុងធំៗផ្សេងទៀតបានបិទផ្លូវ បិទអាជីវកម្ម និងចេញធ្វើបាតុកម្មនៅតាមដងផ្លូវកាលពីថ្ងៃចន្ទ ដើម្បីទាមទារឱ្យនាយករដ្ឋមន្ត្រីលោក Ariel Henry ចុះចេញពីតំណែង និងអំពាវនាវឱ្យមានជីវភាពរស់នៅឲ្យកាន់តែប្រសើរ។
អ្នកសារព័ត៌មាន Associated Press បានមើលឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បាញ់សម្លាប់បាតុករនៅទីក្រុងព័រអូប្រាំង ហើយបន្ទាប់មករត់គេចខ្លួនតាមរថយន្ត ខណៈហ្វូងមនុស្សបានបំបែកគ្នាជាបណ្តោះអាសន្ន។ អំពើហិង្សា និងការចាប់ជំរិតបានកើនឡើងនៅក្នុងទីក្រុងព័រអូប្រាំង និងតំបន់ក្បែរនោះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយក្រុមជនអន្ធពាលដែលកំពុងប្រយុទ្ធបានសម្លាប់ជនស៊ីវិលរាប់រយនាក់ នៅក្នុងការប្រយុទ្ធគ្នាលើទឹកដីទីក្រុងនេះ។ ពួកគេមានឥទ្ធិពលកាន់តែខ្លាំងចាប់តាំងពីការធ្វើឃាតប្រធានាធិបតីលោក Jovenel Moïse កាលពីឆ្នាំមុន។ ភាពក្រីក្រក៏កាន់តែធ្លាក់ជ្រៅ ដោយអតិផរណាបានឈានដល់ ២៩% ហើយតម្លៃទំនិញជាមូលដ្ឋានមួយចំនួនដូចជាអង្ករកើនឡើងជាងបួនដង។ ប្រេងសាំងនៅខ្វះខាត ហើយបើអាចរកបានគឺមានតម្លៃ ១៥ដុល្លារក្នុងមួយហ្គាឡុង។
នៅក្នុងការតវ៉ាមួយប្រជាជនពាក់អាវយឺតពណ៌ខ្មៅ ចំណែកឯការតវ៉ាមួយផ្សេងទៀតពាក់អាវយឺតពណ៌ក្រហមមានសរសេរពាក្យថា ក្រោកឡើង។ ការតវ៉ានេះកើតមានប៉ុន្មានថ្ងៃ បន្ទាប់ពីក្រុមបាតុករច្រើននាក់បានអង្គុយតវ៉ានៅមុខលំនៅឋានផ្លូវការរបស់លោក Henry ហើយទាមទារឱ្យលោកលាលែងពីតំណែង។ កាលពីថ្ងៃចន្ទ នគរបាលបានប៉ះទង្គិចជាមួយបាតុករនៅតំបន់មួយចំនួន ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមមនុស្ស ខណៈការដុតកង់រថយន្តដើម្បីបិទផ្លូវ៕
អត្ថបទ៖ ប៊ុនថន