ស្នូកឃ័រ៖ កីឡាករស្នូកឃ័រអង់គ្លេស Kyren Wilson បានក្លាយជាជើងឯកនៃការប្រកួតស្នូកឃ័រកម្មវិធី European Masters នៅទឹកដីអាល្លឺម៉ង់ក្រោយយកឈ្នះមិត្តរួមជាតិ Barry Hawkins នៅវគ្គផ្តាច់ព្រ័ត្រ។

Kyren Wilson បាននាំមុខការប្រកួត ៣-០ហ្វ្រេមនៅដំណាក់កាលដំបូង មុនពេល Barry Hawkins បានតាមពីក្រោយ ២ហ្វ្រេមវិញ។ ក្រោយមក Kyren Wilson បានយកឈ្នះ ៣ហ្វ្រេមបន្ទាប់ មុននឹងធ្វើបានមួយឈើ ៥៥ពិន្ទុដើម្បីនាំមុខ ៦-២ហ្វ្រេម។ យ៉ាងណាក្តីកីឡាករវ័យ ៣០ឆ្នាំ Kyren Wilson បានយកឈ្នះបីហ្វ្រេមបន្ទាប់ពី Hawkins តបបានមួយគ្រាប់ មុននឹងការប្រកួតបញ្ចប់ដោយលទ្ធផល ៩-៣ហ្វ្រេមលើកីឡាករវ័យ ៤៣ឆ្នាំ Barry Hawkins ដើម្បីលើកពានទី៥ ក្នុងអាជីព។
សូមបញ្ជាក់ថា កីឡាករអង់គ្លេស Kyren Wilson ដែលបច្ចុប្បន្នកំពុងឈរលេខ៥ ពិភពលោកបានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្របន្ទាប់ពីយកឈ្នះកីឡាករចិន Lyu Haotian ជុំដំបូង យកឈ្នះកីឡាករអង់គ្លេស Jimmy Robertson នៅជុំទី២ យកឈ្នះ Shaun Murphy នៅវគ្គ ១៦នាក់ចុងក្រោយ យកឈ្នះកីឡាករចិន Si Jiahui នៅវគ្គ ៨នាក់ចុងក្រោយ និងយកឈ្នះ Ali Carter នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
អត្ថបទ៖នាង សុភាវុធ