ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបញ្ជាក់ថា សក្តានុពលធំជាងគេរបស់កម្ពុជា គឺប្រជាជនរបស់កម្ពុជា ជាពិសេសទៅទៀតនោះគឺប្រជាជនវ័យក្មេង។
ការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) យ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក-សមាជិកា ក្នុងរចនាសម្ព័ន្ធ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យ ជា ស៊ឹម កំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ។
ឯកឧត្តម ហ៊ុន ម៉ានី បានរំលឹកនូវគោលការណ៍រៀនសូត្របីផ្នែកសំខាន់ ដើម្បីទទួលបានជោគជ័យ ដោយទី១, គឺការរៀនសូត្រតាមរយៈទ្រឹស្តី និងមេរៀនក្នុងថ្នាក់ ដែលមនុស្សគ្រប់គ្នាតែងតែទទួលបានពីការសិក្សាតាមសាលា។ ទី២,គឺការរៀនសូត្រតាមរយៈការសង្កេតមើលអ្នកដែលជោគជ័យ ដើម្បីអោយយើងស្វែងយល់ និងអភិវឌ្ឍន៍ខ្លួនឯងតាមទម្លាប់ និងសកម្មភាពល្អៗ ដែលបុគ្គលជោគជ័យបានអនុវត្ត ហើយទី៣, គឺការរៀនសូត្រតាមរយៈបទពិសោធន៍ ដោយអោយការងារបង្រៀនយើង ដើម្បីទទួលបានឱកាសរៀនសូត្របន្ថែមទៀតក្នុងការអភិវឌ្ឍខ្លួនតទៅមុខ។
នៅក្នុងវគ្គសំណួរចម្លើយ មាននិស្សិតមួយរូបបានចោទជាសំនួរទៅកាន់ ឯកឧត្តម ហ៊ុន ម៉ានី ថា តើយុវជនកម្ពុជា ត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះ ដើម្បីក្លាយជាយុវជនបន្តវេន?
ឯកឧត្តម បានឆ្លើយតបដោយលើកយកចំណុច៣ សំខាន់ៗ មកធ្វើការបកស្រាយយ៉ាងខ្លីប៉ុន្តែខ្លឹម ក្នុងនោះ ឯកឧត្តម បានបញ្ជាក់ថា ដើម្បីត្រៀមខ្លួនអោយក្លាយជាអ្នកបន្តវេនសម្រាប់ប្រទេសជាតិ គឺយុវជនចាំបាច់ត្រូវយល់ដឹងអំពីភូមិសាស្រ្ត ប្រជាសាស្រ្ត និងបរិបទ៕អត្ថបទ រដ្ឋា






