ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជ្រាបការយល់ដឹងស្តីពីប្រព័ន្ធ FMIS ដែលជាប្រព័ន្ធផ្ដល់នូវព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានអនុវត្តថវិកាបានរហ័ស ជូនដល់គ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន៥, រដ្ឋបាលក្រុងចំនួន ២៨, រដ្ឋបាលស្រុកចំនួន ២ និងរដ្ឋបាលខណ្ឌចំនួន ១៤ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS លើកឡើងនៅក្នុងកម្មវិធី “បញ្ជ្រាបការយល់ដឹងស្តីពីប្រព័ន្ធ FMIS” ជូនដល់គ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នេះថា អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖ ផ្ដល់នូវព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានអនុវត្តថវិកាបានរហ័ស និងច្រើនទម្រង់ ទាំងសង្ខេប និងលម្អិត, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ទាំងកម្រិតក្រសួង-ស្ថាប័ន និងកម្រិតអង្គភាពថវិកា, ទាំងតាមវិស័យ និងតាមមាតិកាថវិកា ដែលផ្ដល់នូវមូលដ្ឋានច្បាស់លាស់ សម្រាប់ថ្នាក់ដឹកនាំធ្វើការវិភាគ ឈានដល់ការធ្វើសេចក្តីសម្រេចចិត្តបានទាន់ពេលវេលាប្រកបដោយទំនុកចិត្ត។
ក្រៅពីគោលការណ៍ខាងលើ ប្រព័ន្ធនេះបានពង្រឹងនូវគណនេយ្យភាព តម្លាភាព និងភាពជាម្ចាស់នៃការអនុវត្តថវិកា តាមរយៈប្រតិបត្តិការ និងរំហូរការងារនៅក្នុងប្រព័ន្ធតាំងពីចាប់ពីការបង្កើត រហូតដល់បញ្ចប់ប្រតិបត្តិការនីមួយៗ ដែលមានការកត់ត្រា និងតាមដានច្បាស់លាស់ ផ្សារភ្ជាប់ជាមួយនឹងប្រព័ន្ធត្រួតពិនិត្យត្រឹមត្រូវ តាមគន្លងសវនកម្ម និងកាត់បន្ថយបាននូវវប្បធម៌នៃការចោទប្រកាន់គ្នា ឬចង្អុលដាក់គ្នាជាដើម។
ជាក់ស្តែងការផ្តល់ថ្នាលឌីជីថលមួយនេះ គឺក្នុងការតម្រង់ទិសការងារតាមបែបឌីជីថល ដែលនឹងកាត់បន្ថយការប្រើប្រាស់ឯកសារជាក្រដាសជាដើម, ការផ្ដល់ការត្រួតពិនិត្យឥណទានថវិកាដោយស្វ័យប្រវត្តិ ទៅតាមចំណាត់់ថ្នាក់ថវិកា និងបានកាត់បន្ថយនូវកម្រិតស្មុគស្មាញនៃការគណនា ឬកត់ត្រាផ្សេងៗ៕ អត្ថបទ៖ សុន រ៉ាឌី