កោះកុង៖ ស្នងការនគរបាលខេត្តកោះកុង សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានអន្តោប្រវេសន៍បានចុះស្រាវជ្រាវ និងពិនិត្យឆែកឆេរបន្ទប់ស្នាក់នៅរបស់បុគ្គលិកនៅកាស៊ីណូឡុងបេ នៅក្នុងតំបន់តារាសាគរ ករណីសង្ស័យបង្ខាំងមនុស្សខុសច្បាប់ ដើម្បីរកជនជាតិហ្វីលីពីន៤នាក់ តែរកមិនឃើញ។
លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២តាមបណ្តាញសង្គមតេឡេក្រាមម៉ោង៤និង៤០នាទីថា តបតាមការចុះផ្សាយព័ត៌មានរបស់អង្គភាពសារព័ត៌មានមួយចំនួន កាលពីថ្ងៃទី២១ សីហា ថ្មីៗនេះ សមត្ថកិច្ចរបស់លោក និងកម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ចុះទៅដល់តំបន់តារាសាគរ ស្ថិតនៅក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ។
ទោះយ៉ាងណា លោក គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អះអាងថា ជាលទ្ធផលពុំឃើញករណីបង្ខាំងបង្ខំមនុស្សជនជាតិហ្វីលីពីន៤នាក់ឱ្យធ្វើការអនឡាយមិនចេញក្រៅនោះទេ។ ការពិនិត្យឆែកឆេរបន្ទប់ផ្ទាល់ និងកាមេរ៉ាសុវត្ថិភាពទីតាំងស្នាក់នៅចំនួន៣ ស្មើនឹង៨បន្ទប់ អស់ពេលជាច្រើនម៉ោងនៅតែរកមិនឃើញ។
លោកស្នងការនគរបាលខេត្ត ពន្យល់តាមការសាកសួរស្រាវជ្រាវលម្អិតពីក្រុមម្ចាស់ទីតាំងសង្ស័យថា ជនជាតិហ្វីលីពីន៤នាក់នោះធ្លាប់នៅក្រុមហ៊ុនខ្លួនពិតមែន ប៉ុន្តែពួកគេបានឈប់ធ្វើការ និងចាកចេញច្រើនថ្ងៃ ដោយមិនដឹងថាទៅទីកន្លែងណាទេ។ ទៀតសោត ការចាកចេញរបស់ពួកគេធ្វើឡើងមុនលិខិតសំណើសុំអន្តរាគមន៍របស់ស្ថានទូតហ្វីលីពីនមកអគ្គស្នងការនគរបាលជាតិទៅទៀត។
ដោយឡែកលោក ចាន់ មុន្នី តំណាងម្ចាស់កាស៊ីណូឡុងបេ និងក្រុមហ៊ុន Shi Lin បានបញ្ជាក់ថា ទីតាំងទាំង២របស់ខ្លួនមានជនជាតិហ្វីលីពីនបម្រើការងារសរុប២៦នាក់ ស្រី១៥នាក់។ ក្នុងនោះធ្វើការនៅកាស៊ីណូ២២ ស្រី១២ និងក្រុមហ៊ុន Shi Lin ៤នាក់ ស្រី៣ ពិតប្រាកដមែន ក៏ប៉ុន្តែមនុស្សទាំង៤នាក់ដែលធ្វើការនៅក្រុមហ៊ុនShi Lin បានឈប់ធ្វើការ និងចាកចេញតាំងពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២មកម៉្លេះ ។
យោងតាមរបាយការណ៍ស្នងការនគរបាលខេត្តកោះកុង បង្ហាញថា នៅល្ងាចថ្ងៃទី២១ ខែសីហា ដដែល មានតំណាងជនជាតិហ្វីលីពីន៣នាក់ក្នុងចំណោមមនុស្ស២២នាក់ បានមកបំភ្លឺអះអាងថា ជនជាតិហ្វីលីពីនដែលធ្វើការនៅទីនេះគឺពួកគេបានចង់ជាគ្រុប wechat ដើម្បីទំនាក់ទំនងជាក្រុម ព្រមទាំងសំណូមពរដល់សមត្ថកិច្ចកម្ពុជាគ្រប់លំដាប់ថ្នាក់អនុញ្ញាតឱ្យពួកគេបានធ្វើការនៅកន្លែងដដែលទៀតផង។ ដូច្នេះសមត្ថកិច្ចជំនាញសន្និដ្ឋានបានថា ទីតាំងខាងលើពុំអាចមានករណីបង្ខាំងបង្ខំឱ្យធ្វើការដូចដែលព័ត៌មានចុះផ្សាយនាពេលកន្លងមកនោះឡើយ៕. អត្តបទ ៖ ឈឹម មករា



