
អន្ដរជាតិ៖ នៅថ្ងៃអង្គារនេះ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន(Tsai Ing-wen) បានលើកឡើងថា ជម្លោះប្រដាប់អាវុធកាលពីឆ្នាំ១៩៥៨ គឺជាឧទាហរណ៍មួយនៃដំណោះស្រាយរបស់កោះមួយនេះ ក្នុងការការពារខ្លួន ខណៈពេលដែលលោកស្រី បានជួបពិភាក្សាការងារជាមួយក្រុមតំណាងរាស្រ្តជប៉ុន ស្របពេលភាពតានតឹងឡើងកម្តៅខ្លាំងបំផុតជាមួយចិន ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។
ក្រុមតំណាងរាស្រ្តសហរដ្ឋអាមេរិក និងក្រុមតំណាងរាស្ត្រជប៉ុន បានក្លាយជាគណៈប្រតិភូចុងក្រោយគេដែលបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ រយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយពេលចិនបង្ហាញប្រតិកម្មខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី ណានស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ជាមួយនឹងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ រួមទាំងការបាញ់មីស៊ីលរំលងកោះមួយនេះ និងបញ្ជូននាវាចម្បាំងឆ្លងកាត់ខ្សែបន្ទាត់កណ្តាលច្រកសមុទ្រតៃវ៉ាន់៕
