ប្រដាល់សកល៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងរៀបចំការប្រកួតកីឡាប្រដាល់សកលអាជីព Ultimate Pro Boxing 2022 នាដើមខែតុលាខាងមុខ ដើម្បីពង្រឹងសមត្ថភាពក្រុមជម្រើសជាតិត្រៀមស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
ការប្រកួតនេះគ្រោងរៀបចំឡើងនៅពហុកីឡដ្ឋានជាតិ ឬស្ដាតអូឡាំពិករៀងរាល់ ២សប្ដាហ៍ម្ដងដោយអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួមទស្សនាដោយផ្ទាល់ដោយសេរី ជាមួយការប្រកួតកម្រិតអាជីពដែលមានការផ្គូរផ្គងរវាងកីឡាករ-កីឡាការិនីជាច្រើននៅលើសង្វៀន Ultimate Pro Boxing 2022។ អ្វីដែលពិសេស សហព័ន្ធនឹងផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីនៃក្រុមជម្រើសជាតិកីឡាប្រដាល់សកលកម្ពុជា ចូលរួមការប្រកួតនេះដើម្បីវាស់ស្ទង់ និងពង្រឹងសមត្ថភាពបន្ថែម ក្នុងការត្រៀមលក្ខណៈប្រកួតប្រជែងមេដាយជូនជាតិ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ដលើកដំបូងនៅកម្ពុជានាឆ្នាំ២០២៣ ខាងមុខ។
គួរដឹងថា កាលពីឆ្នាំ២០២១ សហព័ន្ធធ្លាប់បានរៀបចំការប្រកួត Ultimate Boxing Championship 2021 ម្ដងរួចមកហើយដែលបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតចំនួន ៦សប្ដាហ៍។ យ៉ាងណាមិញការប្រកួត Ultimate Pro Boxing 2022 នេះវិញ សហព័ន្ធរំពឹងថា នឹងទទួលបានការគាំទ្រ ក៏ដូចជាផ្លែផ្កាកាន់តែប្រសើរ ដើម្បីគាំទ្រដល់ផែនការយុទ្ធសាស្ដ្រនៃដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំក្រោយ៕
អត្ថបទ៖ លី ឈុនឡា