អ៊ុយក្រែន៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានជំរុញពលរដ្ឋរបស់ខ្លួន ឲ្យចាកចេញពីប្រទេសអ៊ុយក្រែនដោយនិយាយថា ខ្លួនជឿថា រុស្ស៊ីកំពុងត្រៀមដាក់គោលដៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលនៅពេលប៉ុន្មានថ្ងៃខាងមុខ ខណៈដែលសង្គ្រាមបានអូសបន្លាយដល់ ៦ខែនៅថ្ងៃនេះ។

ការព្រមាននេះមានឡើង ក្រោយបម្រាមរបស់រដ្ឋាភិបាលអ៊ុយក្រែនលើការប្រារព្ធពិធី និងសកម្មភាពនានាក្នុងរដ្ឋធានី Kyiv នៅថ្ងៃខួបទទួលបានឯករាជ្យពីសហភាពសូវៀតនៅថ្ងៃពុធនេះ ដោយសារតែមានក្ដីបារម្ភពីការវាយប្រហាររបស់រុស្ស៊ីលើរដ្ឋធានីនេះ។ បណ្ដាមេដឹកនាំរាប់សិបប្រទេស និងអង្គការអន្តរជាតិជាច្រើនទៀតត្រូវបានគ្រោងចូលរួមកាលពីថ្ងៃអង្គារ នូវអ្វីដែលហៅថាជា Crimea Platform ជាការបង្ហាញសាមគ្គីភាពជាមួយអ៊ុយក្រែននៅថ្ងៃខួប ៦ខែនៃការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ មនុស្សភាគច្រើននឹងប្រារព្ធពិធីនេះតាមវីដេអូ។
យោធាអ៊ុយក្រែននិយាយថា នៅសមរភូមិប្រយុទ្ធ កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារដោយកាំភ្លើងធំ និងតាមអាកាសនៅក្នុងតំបន់ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែនភាគខាងត្បូង ជាទីដែលការវាយប្រយុទ្ធគ្នាបានកើតឡើងជិតរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប។ ដោយមានការព្រួយបារម្ភកាន់តែខ្លាំងថា អាចនឹងមានការវាយប្រហារពីរុស្ស៊ី ស្ថានទូតអាមេរិកក្នុងរដ្ឋធានី Kyiv កាលពីថ្ងៃអង្គារបានជំរុញពលរដ្ឋរបស់ខ្លួនឲ្យចាកចេញ ក្រែងមានការវាយប្រហារកើតឡើង៕
អត្ថបទ៖ សុខមាន