បាល់ទាត់៖ ក្លិប Leicester City ជាថ្មីម្តងទៀតបានបដិសេធសំណើទិញខ្សែការពារ Wesley Fofana ពីតោខៀវ Chelsea ជាលើកទី៣។ សំណើលើកទី៣ របស់ Chelsea ត្រូវបានគេដឹងថាក្នុងតម្លៃចន្លោះពី ៦០ ទៅ ៧០លានផោន។

Leicester City ចាប់ផ្តើមរដូវកាលនេះមិនទាន់ឈ្នះនៅឡើយ ខណៈ Wesley Fofana មិនស្ថិតក្នុងបញ្ជីលក់ចេញឡើយ។ ប្រសិនបើ Chelsea នៅតែបន្តប៉ុនប៉ងចង់បានកីឡាករវ័យ ២១ឆ្នាំខ្សែការពារកណ្តាលរូបនេះ និងហ៊ានឱ្យថ្លៃលើសពី ៨០លានផោនមានន័យថា Wesley Fofana នឹងក្លាយជាខ្សែការពារដែលមានតម្លៃផ្ទេរខ្ពស់បំផុតលើលោក។ Wesley Fofana មិនស្ថិតក្នុងបញ្ជីប្រកួតរបស់ Leicester City ឡើយកាលពីថ្ងៃសៅរ៍។ Wesley Fofana បានមកដល់ Leicester City កាលពីឆ្នាំ២០២០ ផ្ទេរពីក្លិបបារាំង Saint Etienne និងបានចុះហត្ថលេខារយៈពេល ៥ឆ្នាំនៅពេលនោះមានន័យថា គេនៅសល់សុពលភាពកិច្ចសន្យា ៣ឆ្នាំទៀត។
គេមិនទាន់ដឹងថា Fofana មានក្នុងបញ្ជីឈ្មោះប្រកួតរឺអត់ចុងសប្តាហ៍នេះនៅពេល Leicester City ធ្វើដំណើរទៅទឹកដី Stamford Bridge ជួប Chelsea។ សូមបញ្ជាក់ថា Chelsea បានចំណាយលុយប្រហែល ១៧០លានផោនហើយក្នុងការទិញដូរកីឡាកររដូវក្តៅនេះ ហើយថ្មីៗនេះក៏កំពុងតាមទិញខ្សែប្រយុទ្ធ Everton, Anthony Gordon ដែរក្នុងសំណើតម្លៃ ៤០លានផោន៕
អត្ថបទ៖នាង សុភាវុធ