អាហ្វហ្គានីស្ថាន៖ ប្រទេសអាហ្វហ្គានីស្ថានប្រឈមនឹងទឹកជំនន់ធ្ងន់ធ្ងរ ចាប់តាំងពីខែកក្កដាមកដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧០នាក់ជាង ១ខែមុនមកនេះ និងមនុស្ស ២៥០នាក់ផ្សេងទៀតរងរបួស។

ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់ភាគខាងកើតប្រទេសនេះ។ ទឹកជំនន់បានឆក់យកជីវិតមនុស្សប្រមាណ ២០នាក់នៅក្នុងខេត្ត Logar ជាទីដែលជំនន់ទឹកភ្លៀងនេះបានបំផ្លិចបំផ្លាញលំនៅឋាន បសុសត្វ និងដីកសិកម្មព្រមទាំងបានលិចផ្លូវនានា ហើយអគារជាច្រើនគ្រប់ដណ្ដប់ដោយល្បប់។ ប្រជាពលរដ្ឋភាគច្រើនដែលបាត់បង់លំនៅឋាន បានទៅតាំងទីលំនៅស្នាក់នៅបណ្ដោះអាសន្ននៅសាលារៀន។

បុរសម្នាក់វ័យ ៧០ឆ្នាំដែលនិយាយថា លោកបានបាត់បង់អ្វីគ្រប់យ៉ាងដោយសារតែគ្រោះទឹកជំនន់បានបន្ថែមថា ពួកលោកទទួលបានត្រឹមតែនំបុ័ងមួយដុំ តើយើងត្រូវរស់នៅដោយការទទួលទាននំបុ័ងតែមួយដុំយ៉ាងម៉េចទៅ?។ ប្រទេសអាហ្វហ្គានីស្ថានបានប្រឹងប្រែងតស៊ូ ទប់ទល់គ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ រួមទាំងការរញ្ជួយដីដ៏ខ្លាំងក្លាកាលពីខែមិថុនាដែលបានសម្លាប់មនុស្សជាង ១,០០០នាក់ ហើយក្រុមតាលីបង់កំពុងអំពាវនាវរកជំនួយពីអន្តរជាតិ៕
អត្ថបទ៖ សុខមាន