ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Jyotsana Varma នាយកប្រចាំប្រទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល នាព្រឹកថ្ងៃទី២៤ ខែសីហានេះ។
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះ វត្តមានរបស់លោកស្រីនាយកប្រចាំប្រទេស ដែលត្រូវបានចាត់តាំងឱ្យមកបំពេញបេសកកម្មនៅកម្ពុជា នាពេលនេះ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រហិរញ្ញប្បទាន ឥណទាន សម្រាប់គម្រោងសន្តិសុខសុខភាព នៃមហាអនុតំបន់មេគង្គ ចាប់តាំងពីឆ្នាំ២០១៦មក និងការផ្ដល់ឥណទានបន្ថែម សម្រាប់គម្រោងឆ្លើយតបនឹងការរាលដាលជំងឺកូវីដ-១៩។
លោកស្រី Jyotsana Varma នាយកប្រចាំប្រទេស បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ ដោយជោគជ័យ។
លោកស្រីនាយកប្រចាំប្រទេស ក៏បានគូសរំលេច អំពីកិច្ចសហប្រតិបត្តិការប្រយុទ្ធ នឹងជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ ដូចជា ការចែករំលែកព័ត៌មាន ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ការការពារត្រួតពិនិត្យការឆ្លងរោគនៅក្នុងមន្ទីរពេទ្យ ការពង្រឹងសមត្ថភាពត្រៀមរៀបចំ និងឆ្លើយតបបន្ទាន់ការរាលដាលជំងឺឆ្លងនានា ជាពិសេសជំងឺកូវីដ-១៩ និងគម្រោង ព្រមានជាមុននៅកម្ពុជា (Cambodia Early Waming System) ក្នុងករណីមានការរាតត្បាតនៃជំងឺឆ្លងនានា ដូចជា ជំងឺកូវីដ-១៩ ជំងឺគ្រុនចាញ់ របេង និងអេដស៍។
លោកស្រីនាយកប្រចាំប្រទេស បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសុខាភិបាល ដែលតែងសហការយ៉ាងជិតស្និទ្ធជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការអនុវត្តគម្រោងនានា។ ស្រីលោក Jyotsana Varma នាយកប្រចាំប្រទេស ក៏បានស្នើសុំឯកឧត្តមរដ្ឋមន្ត្រី បន្តគាំទ្រកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍អាស៊ី ជាមួយក្រសួងសុខាភិបាល។
ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលតែងត គាំទ្រដល់កិច្ចសហប្រតិបត្តិការប្រយុទ្ធ នឹងជំងឺឆ្លងនៅតាមព្រំដែន នៃបណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ និងបន្តគាំទ្រគម្រោងនេះជាបន្តទៀត៕ អត្ថបទ រដ្ឋា




