បាល់ទាត់៖ ក្លិបបាល់ទាត់ចំនួន ៣ បានឆ្លងផុតវគ្គជំរុះឆ្លងចូលវគ្គវិលជុំក្នុងពូលក្របខណ្ឌ UEFA Champions League ហើយក្រោយការប្រកួតជំរុះជុំចុងក្រោយយប់មិញ។ ក្លិបព័រទុយហ្កាល់ Benfica មិនលំបាកឡើយក្រោយឈ្នះក្លិបអ៊ុយក្រែន Dynamo Kyiv ជើងទីពីរនេះ ៣-០ នៅទីក្រុង Lisbon បន្ទាប់ពីឈ្នះជើងទី១ នៅទឹកដីប៉ូឡូញ ២-០ សរុបទាំងពីរជើង ៥-០។

អតីតខ្សែការពារ Manchester City, Nicolas Otamendi, David Neres និង Rafa Silva សុទ្ធតែរកគ្រាប់បាល់យប់មិញធ្វើឱ្យ Benfica មានមុខនៅ UEFA Champions League លើកទី១២ ក្នុងរយៈពេល ១៣រដូវកាលចុងក្រោយ។ ចំណែកឯពីរក្រុមផ្សេងទៀតរួមមានក្លិបអ៊ីស្រាអែល Maccabi Haifa ស្មើនៅទឹកដី Red Star Belgrade ២-២ ដោយគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Red Star នៅចុងម៉ោងធ្វើឱ្យ Maccabi Haifa ឈ្នះសរុបទាំងពីរជើងប្រផិតប្រផើយ ៥-៤ ឡើងចូលវគ្គវិលជុំក្នុងពូល UCL ជាលើកដំបូងតាំងពីឆ្នាំ២០០៩។
គូចុងក្រោយនេះគឺក្លិបឆេក Viktoria Plzen បានយកឈ្នះក្លិបអាស៊ែបៃសង់ Qarabag ២-១ ជើងទី២ និងសរុបទាំងពីរជើង ៤-២។ វគ្គវិលជុំក្នុងពូលនឹងរកឃើញ ៣ក្រុមចុងក្រោយទៀតយប់នេះដោយរួមមាន Rangers ទទួល PSV បន្ទាប់ពីជើងទី១ នៅហូឡង់ស្មើគ្នា ២-២ ក្លិបន័រវេស Bodo/Glimt ទទួល Dinamo Zagreb បន្ទាប់ពីជើងទី១ នៅទឹកដីក្រូអាស៊ី Bodo Glimt យកឈ្នះ ១-០ និងក្លិបដាណឺម៉ាក Copenhagen ទទួល Tabzonspor បន្ទាប់ពីជើងទី១ នៅទឹកដីទួកគី Copenhagen យកឈ្នះ ២-១៕
អត្ថបទ៖នាង សុភាវុធ