កំពង់ធំ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្លែងថា មន្រ្តីទទួលបន្ទុកស្បៀងបម្រុងនឹងសិក្សាតំបន់ជន់លិចស្រូវ ដើម្បីស្តារឡើងវិញ ខណៈខេត្តកំពង់ធំនឹងទទួលបានការស្តារមុនគេ។
ថ្លែងប្រាប់BTV NEWS បន្ទាប់ពីចុះពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំដោយជំនន់ទឹកភ្លៀងស្ថិតក្នុងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានឱ្យដឹងថា បន្ទាប់ពីស្ថានភាពនៃជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ តាមបណ្តាខេត្តនានាជាប់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ បានហូរពីផ្នែកខាងលើនឹងបន្តមកដល់ផ្នែកខាងក្រោម បានបណ្តាលឱ្យខេត្តមួយចំនួន ពិសេសខេត្តកំពង់ធំ ទទួលរងផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋច្រើនជាងគេ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តថា ក្នុងចំណោមខេត្តដែលប៉ះពាល់ដំណាំស្រូវ ខេត្តំពង់ធំមានស្រូវជន់លិចច្រើនជាង ៤ពាន់ហិកតា ដែលស្រូវជន់លិចនេះអាចប្រមូលផលបានតិចតួចតែប៉ុណ្ណោះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ថា ជាយន្តការរបស់មន្រ្តីទទួលបន្ទុកស្បៀងបម្រុងនឹងសិក្សាអំពីការតំបន់ជន់លិចស្រូវរបស់ប្រជាកសិករនៅតាមបណ្តាខេត្តដែលប៉ះពាល់ដោយទឹកជំនន់ ខណៈខេត្តកំពង់ធំនឹងសិក្សា ហើយទទួលបានការស្តារមុនគេ។
បើតាមរបាយការណ៍ គិតថ្ងៃចុងសប្តាហ៍កន្លងទៅ អំពីផលប៉ះពាល់ដំណាំស្រូវ ដែលបណ្តាលមកពីជំនន់ទឹកភ្លៀងមានដំណាំស្រូវសរុបជិត ៥ម៉ឺនហិកតា ខណៈដំណាំស្រូវដែលខូតខាតមានជិត ២ម៉ឺនហិកតា។
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំអាជ្ញាធរឱ្យបន្តស្រង់ទិន្នន័យផលដំណាំសន្ទូងស្រូវរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាត ឬប្រឈមនាពេលខាងមុខ ដើម្បីត្រៀមលក្ខណៈក្នុងការបង្កបង្កើនផលឡើងវិញ។ បន្ថែមលើសពីនេះ ទោះបីពុំប្រឈមទឹកជំនន់ធ្ងន់ធ្ងរក្តី ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំប្រជាពលរដ្ឋឱ្យប្រយ័ត្នប្រយែងកូនចៅតូចៗ ដើម្បីចៀសវាងពីគ្រោះអកុសលនានាពីទឹកជំនន់នេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានក្រើនរំលឹកដល់អាជ្ញាធរខេត្ត ស្រុក ឃុំ ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងគ្រាជួបគ្រោះជំនន់ទឹកភ្លៀងនេះ៕អត្ថបទ៖ ឧត្ដម