ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី២ ឆ្នាំទី២ ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធដើម្បីធ្វើជាមូលដ្ឋានសម្រាប់ពិភាក្សាស្វែងរកយន្តការឯកភាពមួយ ដែលនឹងលើកយកទៅពិភាក្សាគ្នានៅពេលក្រោយទៀត។
កិច្ចប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា ជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ នៅថ្ងៃនេះ ដឹកនាំដោយឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដោយមានការចូលរួមជាត្រីភាគី (មួយក្រុមមាន១៧នាក់) រួមមាន ភាគីរដ្ឋាភិបាល ភាគីសហជីពតំណាងកម្មករនិយោជិត និងភាគីនិយោជក។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៧ កម្មករនិយោជិតដែលបំពេញការក្នុងវិស័យឧស្សាហកម្មកាត់ដេរមានចំនួន ៤៥ដុល្លារអាម៉េរិក និងកើនឡើងជាបន្តបន្ទាប់រហូតដល់ចំនួន ១៩៤ដុល្លារអាម៉េរិក ក្នុងមួយខែ នៅក្នុងឆ្នាំ ២០២១។ គិ
តជាមធ្យម បូកទាំងប្រាក់ឈ្នួលអប្បបរមា ប្រាក់ថែមម៉ោងការងារ និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត កម្មករនិយោជិតក្នុងមួយនាក់ អាចទទួលប្រាក់ខែចន្លោះ ២៥០ទៅ៣០០ដុល្លារ ឬឈានដល់៣៥០ដុល្លារ នៅក្នុងមួយខែៗ។ គិតត្រឹមខែកក្កដា ឆ្នាំ២០២២ បច្ចុប្បន្ន កម្ពុជា មានសហគ្រាស គ្រឹះស្ថាន វិស័យកាត់ដេរ និងផលិតស្បែកជើងចំនួន ១ ១៨២ ដែលស្មើនឹងកម្មករនិយោជិតសរុបចំនួនជាង ៨៣ម៉ឺននាក់៕អត្ថបទ បូរ៉ាវី