ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជាឱ្យវាយប្រហារតាមអាកាស លើក្រុម ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃអង្គារ រយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីគ្រាប់រ៉ុក្កែតច្រើនគ្រាប់បានវាយប្រហារនៅជិតមូលដ្ឋានយោធាមួយកន្លែងនៅភាគឦសានប្រទេសស៊ីរី ដែលផ្តល់មូលដ្ឋាន សម្រាប់ទាហានអាមេរិក។
ទីបញ្ជាការកណ្តាលរបស់អាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារតាមអាកាសធ្វើឡើងដោយយោធាអាមេរិកបានផ្តោតលើក្រុមដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅក្នុងទីក្រុង Deir ez-Zor ប្រទេសស៊ីរី។ លោក Joe Buccino អ្នកនាំពាក្យ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារបានផ្តោតលើ ហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់ដោយក្រុមដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់។
តាមការណែនាំរបស់ប្រធានាធិបតី Biden កងកម្លាំងយោធាអាមេរិកបានធ្វើការវាយប្រហារតាមអាកាសស៊ីបគោលដៅនៅទីក្រុង Deir ez-Zor ប្រទេសស៊ីរីនៅថ្ងៃនេះ។ ការវាយប្រហារស៊ីបគោលដៅទាំងនេះមានគោលបំណងការពារកងកម្លាំងសហរដ្ឋអាមេរិកមិនឲ្យត្រូវបានវាយប្រហារ ដូចការវាយប្រហារកាលពីថ្ងៃទី១៥ ខែសីហា លើបុគ្គលិកសហរដ្ឋអាមេរិកដោយក្រុមគាំទ្រដោយអ៊ីរ៉ង់។ យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក Biden បានផ្តល់ការណែនាំសម្រាប់ការវាយប្រហារទាំងនេះ ស្របតាមសិទ្ធិអំណាចមាត្រា II របស់លោក ដើម្បីការពារបុគ្គលិកអាមេរិក មិនឲ្យរងការវាយប្រហារដោយក្រុមគាំទ្រដោយអ៊ីរ៉ង់។
សហរដ្ឋអាមេរិកបានកំណត់គោលដៅលើលេណដ្ឋានដែលប្រើសម្រាប់ការផ្ទុកគ្រាប់រំសេវ និងការគាំទ្រផ្នែកដឹកជញ្ជូនដោយក្រុមគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី។

