ភ្នំពេញ៖ ស្ថិតក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែសីហានេះ សន្យាគៀងគររកថវិកាពីសមាជិក ដើម្បីចូលរួមចំណែកសម្អាតមីននៅកម្ពុជា។ ការសន្យានេះ ធ្វើឡើងក្នុងពិធីចុះMOU រវាអាជ្ញាធរមីន និងសភាពាណិជ្ជកម្មអឺរ៉ុប ស្ថិតនៅទីស្នាក់ការអាជ្ញាធរមីន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក តាស់ស៊ីឡូ ប្រនសើ (Tassilo Brinzer) ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នាថ្ងៃទី២៤ខែសីហានេះ បានអញ្ចើញចូលរួមក្នុងពិធីចុះMOU ភាពជាដៃគូសហការណ៍គ្នា ដើម្បីគៀងគររកថវិការចូលរួមក្នុងគម្រោងសម្តេចតជោសម្រាប់សកម្មភាពមីន។
នៅក្នុងឱកាសនោះលោក តាស់ស៊ីឡូ បានសំដែងការកោតសសើរ ចំពោះអាជ្ញាធរកម្ពុជាដែលបានខិតខំបោសសម្អាតមីនផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋ និងចូលរួមចំណែកបញ្ចូនកងកម្លាំង ទៅសម្អាតមីននៅតាមបណ្តាប្រទេសមួយទៀត។
ក្រៅពីនេះ លោកប្តេជ្ញាគៀងគររកថវិកាពីសមាជិកសភាពាណិជ្ជកម្មអឺរ៉ុប ដើម្បីចូលរួមចំណែកសម្អាតមីននៅកម្ពុជា។ក្នុងនាមសម្តេចតេជោ ប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជអនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៍ដែរថា ក្នុងរយៈពេល៣០ឆ្នាំ នៃដំណើរការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា បានចូលរួមចំណែកជាច្រើនក្នុងការផ្តល់ដីសុវត្ថិភាព កាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការងារបោសសម្អាតមីន បានរួមចំណែកដល់កិច្ចគាំពារដល់សន្តិភាពនៅកម្ពុជា។
ក្រៅពីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា រាប់បញ្ចូលទាំងសកម្មភាពសម្អាតមីន និងការបង្កើតរោងចក្រនៅកម្ពុជាផ្តល់ការងារដល់ប្រជាពលរដ្ឋជាដើម។ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ ផ្ទៃដីទំហំជាង២ពាន់គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតអស់មីន សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ដោយប្រជាពលរដ្ឋទទួលផលមានជាង៧លាននាក់៕ អត្ថបទ៖ទូច សោភ័ណ