ភ្នំពេញ ៖ ក្នុងជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ រដ្ឋមន្រ្តីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លើកឡើងថា ទោះបីសភាពការណ៍ពិភពលោកស្មុគស្មាញ ក៏មិនប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិនឡើយ ។
ការលើកឡើងបែបនេះ ធ្វើឡើងអំឡុងពេលសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែសីហា ម្សិលមិញនេះ បានអញ្ជើញស្វាគមន៍ និងមានជំនួបជាមួយឯកឧត្តម លីវ ជានឆាវ (Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា ខណៈឯកឧត្តមមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ មានរយៈពេល៤ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែសីហានេះ។
នាឱកាសនោះ ឯកឧត្តម លីវ ជានឆាវ បានពាំនាំការសួរសុខទុក្ខពីឯកឧត្តម វ៉ាង យ៉ាង ប្រធានសភាពិគ្រោះយោបល់ និងនយោបាយនៃប្រជាជនចិនជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម មានប្រសាសន៍ថា នាឆ្នាំ២០២២នេះ កម្ពុជាពិតជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស មិនថាទាំងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចកាន់តែរីកចម្រើនលើគ្រប់វិស័យ ជាពិសេសកិត្យានុភាពរបស់កម្ពុជា ត្រូវបានលើកកម្ពស់នៅលើឆាកអន្តរជាតិ។
ឯកឧត្តម លីវ ជានឆាវ បានអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាក្នុងជ័យជំនះនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីកន្លងទៅ និងប្តេជ្ញាគាំទ្រការដឹកនាំយ៉ាងត្រឹមត្រូវរបស់គណបក្សប្រជានជនកម្ពុជា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា កាន់តែធ្វើឱ្យចំណងមិត្តភាពកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការកសាងជោគវាសនារួមកម្ពុជា-ចិន កាន់តែទទួលបានផ្លែផ្កាតទៅអនាគត។
ក្នុងឱកាសនោះដែរ ឯកឧត្តម លីវ ជានឆាវ បញ្ជាក់ថា ទោះបីស្ថិតក្នុងបរិបទសភាពការណ៍ពិភពលោកប្រែប្រួល ស្មុគស្មាញ និងមានការវិវឌ្ឍន៍ប្រកបដោយគ្រោះថ្នាក់ក្តី ក៏ទំនាក់ទំនងទ្វេភាគីរវាងគណបក្សទាំងពីរបន្តលើកកម្ពស់ជាលំដាប់ និងក្លាយជាមរតកដ៏ល្អសម្រាប់អ្នកបន្តវេននាពេលអនាគត។
ជាមួយគ្នានេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានប្រសាសន៍ថា ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំប្រវត្តិសាស្រ្ត ខណៈនាឆ្នាំក្រោយនេះគឺជាខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងកម្ពុជា-ចិន។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានជម្រាបទៅភាគីចិនថា ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលកន្លងទៅ បង្ហាញអំពីការគាំទ្រក្នុងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាពីគ្រប់ស្រទាប់ ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ថា ដោយសារទំនាក់ទំនងរវាងគណបក្ស និងប្រជាជនប្រទេសទាំងពីរ ទើបធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់រហូតជាមិត្តដែកថែប ក៏ដូចជារួមចំណែកបន្តកសាងសហគមន៍ជោគវាសនាតែមួយកម្ពុជា-ចិន ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជនប្រទេសទាំងពីរ។
បន្ថែមលើសពីនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណ ចំពោះបក្ស និងប្រជាជនចិនដែលតែងគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការបង្កើនការនាំចូលផលិតកសិកម្មពីកម្ពុជា រួមមាន ចេក និងស្វាយជាដើម៕ អត្ថបទ ៖សេក ឧត្តម





