ទ្រីយ៉ាត្លុង៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តកែប ដែលគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសកីឡាទ្រីយ៉ាត្លុង ៥ថ្ងៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅខេត្តកែប ខណៈវគ្គនេះបានចូលរួមបង្ហាត់បង្រៀន និងចែករំលែកបទពិសោធន៍ដោយផ្ទាល់ពីលោក Vijitr Sittinawin ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ី។

លោកជំទាវ ម៉ក់ វណ្ណស៊ីថា អនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានបញ្ជាក់ថា វគ្គនេះមានសិក្ខាកាមចំនួន ៣០នាក់ចូលរួមដែលជាមន្ដ្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិដើម្បីសិក្សាស្វែងយល់ និងបង្កើនសមត្ថភាពបន្ថែមដោយផ្ដោតសំខាន់លើការសិក្សាទ្រឹស្ដី និងការអនុវត្តផ្ទាល់ ដើម្បីត្រៀមខ្លួនឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ លោកជំទាវបន្ដថា ពាក់ព័ន្ធនឹងទ្រឹស្ដីគឺសិក្សាពី Technical Handbook 2023 និង Technical Committee ខណៈការអនុវត្តគឺជាការអនុវត្តជាក់ស្តែងលើឆ្នេរសមុទ្រស្រីសរ។

លោកជំទាវបានចាត់ទុកវគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យអត្តពលិក និងគណៈកម្មការរៀបចំការប្រកួតយល់ច្បាស់ពីច្បាប់ប្រកួតអន្តរជាតិ ឬស៊ីហ្គេម ជៀសវាងការយល់ខុស ឬមិនបានដឹងពីច្បាប់ប្រកួត ការរៀបចំប្រកួត ពោលគឺក្នុងនាមម្ចាស់ផ្ទះត្រូវស្វែងយល់ឲ្យបានគ្រប់ជ្រុងជ្រោយ និងស្របតាមបទដ្ឋានអន្តរជាតិ៕
អត្ថបទ៖ លី ឈុនឡា