អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយ ខណៈប្រទេសរបស់លោកប្រារព្ធខួបឯករាជ្យជាតិ ៣១ឆ្នាំនៃការផ្ដាច់ចេញពីការត្រួតត្រារបស់សហភាពសូវៀតក្រោមឥទ្ធិពលទីក្រុង Moscow ថា មនុស្សយ៉ាងហោចណាស់ ២២នាក់បានស្លាប់ និងរាប់សិបនាក់រងរបួសក្នុងការវាយប្រហារដោយគ្រាប់រ៉ូកែតរបស់រុស្ស៊ី ទៅលើស្ថានីយរថភ្លើងរបស់អ៊ុយក្រែនកាលពីថ្ងៃពុធ ទី២៤ ខែសីហាសប្ដាហ៍នេះ។

លោក Zelenskyy បានព្រមានកាលពីថ្ងៃអង្គារពីហានិភ័យ នៃសកម្មភាពបង្ករឿងគួរឱ្យស្អប់ខ្ពើមនៅថ្ងៃទិវាឯករាជ្យជាតិ ដែលត្រូវនឹងរយៈពេល ៦ខែគត់ចាប់តាំងពីកងកម្លាំងរុស្ស៊ីវាយលុកអ៊ុយក្រែន ធ្វើឲ្យក្លាយជាជម្លោះដ៏មហន្តរាយបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។ នៅក្នុងសុន្ទរកថាជាវីដេអូទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Zelenskyy បាននិយាយថា គ្រាប់រ៉ូកែតបានប៉ះចំរថភ្លើងមួយខ្សែនៅក្នុងទីប្រជុំជន Chaplyne ស្ថិតនៅចម្ងាយប្រមាណ ១៤៥គីឡូម៉ែត្រពីតំបន់ Donetsk គ្រប់គ្រងដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត។ លោកថា ទូរថភ្លើងចំនួន ៤ ត្រូវបានឆេះបំផ្លាញ។
ក្រសួងការពារជាតិរុស្ស៊ីមិនបានឆ្លើយតបភ្លាមៗ ទៅពីសំណើសូមការអត្ថាធិប្បាយ។ មេដឹកនាំអ៊ុយក្រែនវ័យ ៤៤ឆ្នាំរូបនេះបាននិយាយថា អ៊ុយក្រែននឹងដណ្ដើមយកមកវិញនូវតំបន់ទាំងឡាយ ដែលរុស្ស៊ីគ្រប់គ្រងនៅភាគខាងកើតអ៊ុយក្រែន និងឧបទ្វីបគ្រីមេដែលរុស្ស៊ីបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធកាលពីឆ្នាំ២០១៤៕
អត្ថបទ៖ សុខមាន