វ៉ូវីណាម៖ កីឡាការិនីឆ្នើម ប៉ាល់ ឆរស្ម៊ី គ្រោងចូលនិវត្តន៍ពីអាជីពកីឡា ក្រោយចប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ការបង្ហើបនេះដោយផ្អែកលើហេតុផលសំខាន់មួយៗ ពិសេសវ័យកាន់តែជ្រេ ដ្បិតលោកស្រីបានចំណាយពេលក្នុងវិស័យកីឡាជាង ២៦ឆ្នាំមកហើយ។

ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣សម័យរូបនេះបានបញ្ជាក់ថា ខ្លួនបានខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លាំង ដើម្បីត្រៀមប្រជែងមេដាយជូនជាតិ ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ដ្រនាឆ្នាំ២០២៣ មុនខ្លួនចូលនិវត្តន៍។ គួរដឹងថា ប៉ាល់ ឆរស្ម៊ី បានប្រកបអាជីពកីឡាដំបូងកាលពីឆ្នាំ១៩៩៦ ជាមួយកីឡាយូដូ តែ ១ឆ្នាំក្រោយមកលោកស្រីបានប្ដូរមកលេងកីឡាតេក្វាន់ដូ ITF វិញរហូតដល់ឆ្នាំ២០០៨ ទើប ឆរស្ម៊ី សម្រាកមួយរយៈពេលធំដោយសារបញ្ហាសុខភាព មុនត្រឡប់មកប្រកបអាជីពកីឡាជាថ្មីនៅឆ្នាំ២០១១ ជាមួយប្រភេទកីឡាវ៉ូវីណាមរហូតមកទល់បច្ចុប្បន្ន។

ក្នុងអាជីពកីឡានេះដែរកីឡាការិនីវ័យ ៣៦ឆ្នាំរូបនេះធ្លាប់បានចូលរួមប្រកួតព្រឹត្តិការណ៍ជាតិ-អន្ដរជាតិជាច្រើន និងដណ្ដើមបានមេដាយជូនជាតិស្ទើររាប់ភ្លេច ពិសេសមេដាយមាសទាំងថ្នាក់តំបន់ ទ្វីប និងពិភពលោកគឺដណ្ដើមបានសរុប ២២គ្រឿងក្នុងនោះមានមេដាយមាសស៊ីហ្គេម ៣គ្រឿងដែលដណ្ដើមបានកាលពីឆ្នាំ២០១១ នៅឥណ្ឌូនេស៊ី, ឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា និងឆ្នាំ២០២២ នៅប្រទេសវៀតណាម៕
អត្ថបទ៖ លី ឈុនឡា