UN៖ ប្រមុខអង្គការសហប្រជាជាតិបានអំពាវនាវឲ្យមានសន្តិភាពកាលពីថ្ងៃពុធ នៅថ្ងៃប្រារព្ធទិវាឯករាជ្យជាតិ ៣១ឆ្នាំរបស់អ៊ុយក្រែនពីសហភាពសូវៀត និង ៦ខែនៃការការពារខ្លួនពីសង្គ្រាមបង្កើតឡើងដោយរុស្ស៊ី។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ប្រជាពលរដ្ឋអ៊ុយក្រែន និងពិភពលោកត្រូវការសន្តិភាព ពួកគេត្រូវការសន្តិភាពនៅពេលនេះ។

ជនស៊ីវិលរាប់ពាន់នាក់បានស្លាប់ និងរងរបួសរួមទាំងកុមាររាប់រយនាក់ ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ លោក Guterres បាននិយាយថា ផលវិបាកទាំងឡាយកើតចេញពីសង្គ្រាមឥតប្រយោជន៍នេះកំពុងធ្វើឲ្យគេគិតថា វារីកសាយហួសពីប្រទេសអ៊ុយក្រែន។ យើងកំពុងមើលឃើញភាពងាយរងគ្រោះថ្មីៗលេចចេញជារូបរាង នៅក្នុងបរិស្ថានសកលដែលគ្របដណ្ដប់ដោយជម្លោះ វិសមភាព និងវិបត្តិសេដ្ឋកិច្ច និងសុខភាពដោយសារជំងឺរាតត្បាតសកល និងបម្រែបម្រួលអាកាសធាតុរួចទៅហើយ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។

លោកបន្ថែមថា ការឡើងថ្លៃតម្លៃស្បៀងអាហារ ជីកសិកម្ម និងប្រេងឥន្ធនៈបានបង្កឲ្យមានវិបត្តិសកល ដែលអាចបណ្ដាលឲ្យមនុស្សរាប់លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ គ្រោះអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភកាន់តែធ្ងន់ធ្ងរ។ លោកក៏បានព្រមានផងដែរថា ពិភពលោកនឹងពុំមានស្បៀងអាហារគ្រប់គ្រាន់នៅឆ្នាំ២០២៣ លុះត្រាតែទីផ្សារជីកសិកម្មមានស្ថិរភាព។ លោកថា កសិករជាច្រើននៅជុំវិញពិភពលោកកំពុងគ្រោងនឹងកាត់បន្ថយដី សម្រាប់ធ្វើកសិកម្មនៅរដូវក្រោយ។ ការនាំចូលស្បៀងអាហារ និងជីកសិកម្មយ៉ាងច្រើនចេញពីអ៊ុយក្រែន និងរុស្ស៊ីដែលមានតម្លៃសមរម្យគឺសំខាន់ណាស់ ដើម្បីធ្វើឲ្យទីផ្សារទំនិញស្ងប់ស្ងាត់បន្ថែមទៀត និងការថយចុះតម្លៃសម្រាប់អ្នកប្រើប្រាស់៕
អត្ថបទ៖ សុខមាន