បាល់ទាត់៖ ក្លិបរបស់ស្កុតឡេន Glasgow Rangers នឹងត្រលប់ទៅកាន់ក្របខណ្ឌ UEFA Champions League ជាលើកដំបូងក្នុងរយៈពេល ១២ឆ្នាំបន្ទាប់ពីយកឈ្នះ PSV Eindhoven នៅវគ្គ Play-Off ១-០ យប់មិញ។ កីឡាករ Antonio Colak ជាអ្នករកបានគ្រាប់បាល់ជ័យជំនះឱ្យ Rangers ជាលើកដំបូង ពោលគឺបង្ហាញខ្លួនចុងក្រោយបំផុតតាំងពីឆ្នាំ២០១០។

ឆ្នាំ២០១២ Rangers ដោយសារវិបត្តិហិរញ្ញវត្ថុបានចាប់ផ្តើមសារជាថ្មីដោយលេងពីក្របខណ្ឌទី៤ ស្កុតឡេនទំរាំឈរជើងរឹងមាំឡើងវិញនៅក្របខណ្ឌកំពូល។ ចំណែកឯគូប្រជែង Glasgow Celtics ក៏មានកៅអីស្វ័យប្រវត្តិដែរនៅវគ្គវិលជុំក្នុងពូល ដែលមានន័យថាក្លិបស្កុតឡេនទាំងពីរ Rangers និង Celtic មានមុខនៅ UCL រួមគ្នាលើកដំបូងតាំងពីឆ្នាំ២០០៨។ ក្រៅពី Rangers ក្លិបដាណឺម៉ាក FC Copenhagen ក៏ទទួលបានកៅអីដែរក្រោយយកឈ្នះក្លិបទួកគី Trabzonspor សរុបទាំងពីរជើង ២-១ និងក្លិបក្រូអាស៊ី Dinamo Zagreb យកឈ្នះ Bodo/Glimt របស់ន័រវេសសរុបទាំងពីរជើង ៤-២។ ការចាប់ឆ្នោតបែងចែងពូលក្របខណ្ឌ UEFA Champions League នឹងធ្វើឡើងថ្ងៃនេះនៅទីក្រុង Istanbul ប្រទេសទួកគីវេលាម៉ោង ១៧ល្ងាចត្រូវនឹងម៉ោង ១០យប់នៅកម្ពុជា៕
អត្ថបទ៖នាង សុភាវុធ