បាល់ទាត់៖ ក្លិបញញួរធំ West Ham បានសំរេចដាក់សំណើទៅកាន់ក្លិបបារាំង Olympique Lyon ក្នុងការនាំយកខ្សែបម្រើប្រេស៊ីល Lucas Paqueta នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការ David Moyes។ ក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះត្រូវបានគេដឹងថា បានដាក់សំណើ ៣៣.៧៥លានផោនដើម្បីនាំយកកីឡាករវ័យ ២៤ឆ្នាំរូបនេះ។

Lucas Paqueta បានស៊ុតបញ្ចូលទី ៩គ្រាប់បញ្ជូន ៦ ក្នុងការបង្ហាញខ្លួន ៣៥ប្រកួតនៅក្របខណ្ឌបារាំង Ligue 1 រដូវកាលមុន។ លោក David Moyes បានបញ្ជាក់ពីការចាប់អារម្មណ៍កីឡាករប្រេស៊ីលរូបនេះ តាមរយៈស្ថិតិកន្លងមកដែលក្រុមការងារបានអង្កេត។ Lucas Paqueta ដែលស៊ុតបញ្ចូលទីបាន ៧គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣ប្រកួតឱ្យក្រុមជម្រើសជាតិប្រេស៊ីលនោះគឺជាសមាជិករបស់ Lyon នៅពេលជួប West Ham រដូវកាលមុននៅវគ្គ ៨ក្រុមចុងក្រោយ UEFA Europa League ដែល West Ham យកឈ្នះទាំងពីរជើង ៤-១។
សរុបស្ថិតិជាមួយ Lyon, Lucas Paqueta បង្ហាញខ្លួនសរុប ៨០ប្រកួតស៊ុតបញ្ចូលទីបាន ២១គ្រាប់បញ្ជូន ១៤ តាំងពីផ្លាស់ពី AC Milan ២ឆ្នាំមុន។ West Ham ថ្មីៗនេះទើបតែទិញបានខ្សែការពារប្រេស៊ីល Emerson Palmieri ផងដែរពី Chelsea។ ចាប់ផ្តើមរដូវកាលថ្មី English Premier League ក្រុមញញួរធំ West Ham មិនទាន់រកបានពិន្ទុនៅឡើយក្រោយចាប់ផ្តើមបាន ៣ប្រកួតចាញ់ទាំង ៣ ថែមទាំងរកគ្រាប់បាល់មិនបានទៀតផង៕
អត្ថបទ៖នាង សុភាវុធ