ប៉ាគីស្ថាន៖ រដ្ឋមន្ត្រីទទួលបន្ទុកបម្រែបម្រួលអាកាសធាតុបាននិយាយកាលពីថ្ងៃពុធថា ភ្លៀងរដូវមូសុងដ៏ខ្លាំងក្លាបំផុតបានកំពុងបង្កឲ្យមានគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ ដោយបានប្រកាសស្នើសុំជំនួយអន្តរជាតិក្នុងការដោះស្រាយទឹកជំនន់ ដែលបានសម្លាប់មនុស្សជាង ៨០០នាក់ចាប់តាំងពីខែមិថុនាមក។

ភ្លៀងមូសុងប្រចាំឆ្នាំមានសារៈសំខាន់ណាស់សម្រាប់ការស្រោចស្រពដំណាំ និងការបំពេញបន្ថែមទឹកក្នុងបឹង និងទំនប់ទឹកនៅទូទាំងអនុទ្វីបឥណ្ឌា ប៉ុន្តែជារៀងរាល់ឆ្នាំភ្លៀងរដូវមូសុងក៏នាំមកនូវរលកនៃការបំផ្លិចបំផ្លាញផងដែរ។ ភ្លៀងធ្លាក់ខ្លាំងបានបន្តធ្លាក់ខ្លាំងនៅប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ ដែលក្រុមអាជ្ញាធររាយការណ៍ថា មានមនុស្សជាង ១០នាក់បន្ថែមទៀតបានស្លាប់រួមទាំងកុមារ ៩នាក់ក្នុងពេល ២៤ម៉ោងចុងក្រោយនេះ។

ស្ត្រីម្នាក់ដែលមានឈ្មោះថា Khanzadi បានប្រាប់សារព័ត៌មាន AFP នៅក្នុងស្រុក Jaffarabad នៃខេត្ត Balochistan ដែលរងគ្រោះធ្ងន់ធ្ងរជាងគេថា ភ្លៀងកំពុងបន្តធ្លាក់រយៈពេលមួយខែហើយរហូតមកដល់ពេលនេះ។ ពួកគេគ្មាននៅសេសសល់អ្វីទៀតទេ។ យើងមានតែពពែតែមួយក្បាលប៉ុណ្ណោះ ហើយបានលង់ងាប់ក្នុងទឹកជំនន់ទៀត ពេលនេះយើងគ្មាននៅសេសសល់អ្វីទៀតទេ ហើយកំពុងសម្រាកនៅតាមផ្លូវ ហើយប្រឈមនឹងការដាច់ពោះស្លាប់ទៀត៕
អត្ថបទ៖ សុខមាន