បាល់ទាត់៖ ក្លិបសារិកាព្រៃ Newcastle United ត្រូវបានគេដឹងថា ឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃបំបែកកំណត់ត្រាក្លិបក្នុងការទិញចូលកីឡាករខ្សែប្រយុទ្ធ Alexander Isak ពីក្លិបអេស្ប៉ាញ Real Sociedad។ តម្លៃនៃកិច្ចព្រមព្រៀងនោះប្រមាណជា ៥៨លានផោនដើម្បីយកខ្សែប្រយុទ្ធស៊ុយអែតរូបនេះមកកាន់កីឡដ្ឋាន St. James Park។
កីឡាករវ័យ ២២ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីសរុប ៤៤គ្រាប់ក្នុងការបង្ហាញខ្លួន ១២២ប្រកួតឱ្យ Real Sociedad និងស៊ុតបាន ៩គ្រាប់ក្នុងការបង្ហាញខ្លួនឱ្យក្រុមជំរើសជាតិស៊ុតអែត ៣៧លើក។ Isak គឺជាអ្នកស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងបរាជ័យរបស់ Real Sociedad ១-៤ ក្រោមស្នាដៃក្រុមភ្ញៀវ Barcelona ចុងសប្តាហ៍កន្លងទៅ។ ប្រសិនបើការផ្ទេរបានសំរេចមែនតម្លៃ ៥៨លានផោននេះនឹងបំបែកកំណត់ត្រាចាស់របស់ក្លិបដែលធ្លាប់ទិញ Joelinton ពី Hoffenheim តម្លៃ ៤០លានផោនកាលពីឆ្នាំ២០១៩ និង ៤២លានផោនទិញ Bruno Guimaraes ពី Lyon កាលពីខែមករា៕
អត្ថបទ៖នាង សុភាវុធ