ថៃ៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានផ្អាកតួនាទីផ្លូវការ របស់លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha កាលពីថ្ងៃពុធ បន្ទាប់ពីបានសម្រេចចំពោះសវនាការលើញត្តិតវ៉ា ដែលទាមទារឲ្យត្រួតពិនិត្យឡើងវិញអំពីការកំណត់អាណត្តិ តាមច្បាប់រយៈពេល ៨ឆ្នាំរបស់លោក។

ឧបនាយករដ្ឋមន្ត្រីថៃលោក Prawit Wongsuwan ធ្វើជាមេដឹកនាំចាំផ្ទះចាប់ពីថ្ងៃពុធ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ឧត្តមសេនីយ៍ Prayut Chan-o-cha គោរពយ៉ាងពេញលេញនូវសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ហើយផ្អាកការបំពេញតួនាទីជានាយករដ្ឋមន្ត្រីចាប់ពីថ្ងៃនេះ។ លោក Prayut មានអាយុ ៦៨ឆ្នាំនឹងបន្តធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ ដោយត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាអ្នកនយោបាយជើងចាស់ លោក Prawit នឹងដឹកនាំគណបក្ស Palang Pracharath ជាគណបក្សធំបំផុតនៅក្នុងរដ្ឋាភិបាលចម្រុះ។ ញត្តិនេះត្រូវបានដាក់ដោយគណបក្សប្រឆាំងដ៏ធំដែលបានអះអាងថា ពេលវេលារបស់លោក Prayut ដែលបានចំណាយក្នុងតួនាទីជាប្រមុខរដ្ឋាភិបាលយោធា បន្ទាប់ពីលោកបានធ្វើរដ្ឋប្រហារនៅពេលដែលលោកនៅជាមេបញ្ជាការកងទ័ពនៅក្នុងឆ្នាំ២០១៤ ដែលគួរតែរាប់បញ្ចូលទៅក្នុងអាណត្តិរបស់លោកដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរយៈពេល ៨ឆ្នាំ។
ទោះបីជាលោក Prayut អាចទទួលបានមកវិញនូវមុខតំណែងរបស់លោក នៅពេលដែលតុលាការធ្វើសេចក្តីសម្រេចក្តី ប៉ុន្តែការព្យួរដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកបានធ្វើឱ្យនយោបាយប្រទេសថៃមានភាពច្របូកច្របល់។ តុលាការបានពិចារណាលើញត្តិ និងឯកសារពាក់ព័ន្ធ ហើយយល់ឃើញថា អង្គហេតុដែលចេញពីញត្តិនោះជាមូលហេតុ សម្រាប់ការសាកសួរតាមការទាមទារ។ តុលាការបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Prayut មានរយៈពេល ១៥ថ្ងៃដើម្បីឆ្លើយតប ហើយគណៈកម្មការអង្គចៅក្រមមួយក្រុមបានចេញសេចក្តីសម្រេចមានសំឡេងគាំទ្រ ៥ ទល់នឹង ៤ ចំពោះការព្យួរតួនាទីរបស់លោកដែលចាប់ផ្តើមពីថ្ងៃពុធ។ គេមិនដឹងច្បាស់នោះទេថា តើពេលណាតុលាការនឹងចេញសេចក្តីសម្រេចចុងក្រោយលើញត្តិនេះ៕
អត្ថបទ៖ ប៊ុនថន