បាល់ទាត់៖ ក្រុមជើងឯក English Premier League, Manchester City នឹងជួបជាមួយក្រុមជើងឯករងរដូវកាលមុននៃពាន Carabao Cup តោខៀវ Chelsea នៅជុំទី៣ រដូវកាលនេះនៅកីឡដ្ឋាន Etihad។

នេះជាការប្រកួតមួយគូក្នុងចំណោម ៧គូដែលជាជំនួបរវាងក្រុមនៅក្របខណ្ឌ English Premier League ជួបគ្នានៅជុំទី៣ ពានលំដាប់ទី៣ នៅអង់គ្លេសមួយនេះបូករួមទាំង Manchester United ទទួល Aston Villa និង Nottingham Forest ទទួល Spurs ជាដើម។ ក្រុមការពារតំណែងជើងឯក Liverpool នឹងត្រូវជួបជាមួយក្រុមមកពីលីគទី៣ Derby County ខណៈក្រុមមកពីលីគទី៤ Newport County ទៅទឹកដី Leicester City និង Gillingham ទៅទឹកដី Brentford។ ក្រុមដែលកំពុងនាំមុខគេនៅ Premier League រដូវកាលនេះកាំភ្លើងធំ Arsenal ត្រូវទទួល Brighton ខណៈ Wolverhampton ជួប Leeds Newcastle ជួប Crystal Palace និង Bournemouth ជួប Everton។ ការប្រកួតជុំទី៣ Carabao Cup នឹងធ្វើឡើងពីថ្ងៃទី៨ ដល់ទី១០ ខែវិច្ឆិកា៕
អត្ថបទ៖នាង សុភាវុធ