បាល់ទាត់៖ ក្រុម ស.ស.យ.ក ខេត្តបាត់ដំបង បានយកឈ្នះក្រុមម្ចាស់ផ្ទះសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តពោធិ៍សាត់ ដោយលទ្ធផល ១១-០ ក្នុងជំនួបបញ្ចប់ពូល B នៃវគ្គជម្រុះតាមពូលនៅក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ នៅទីលានវិទ្យាល័យ ហ៊ុន សែន កណ្ដៀងកាលពីល្ងាចថ្ងៃទី៤ ខែមេសាម្សិលមិញ។
ប៉ុន្តែទោះបីទទួលបានជ័យជម្នះជោគជាំលើគូប្រកួត ក្នុងជំនួបបង្ហើបកិច្ចនេះក៏ពិតមែន តែក្រុម ស.ស.យ.ក ខេត្តបាត់ដំបងត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតពូលផ្សេងៗ ដើម្បីប្រជែងកៅអីក្រុមចំណាត់ថ្នាក់លេខ៣ ល្អជាងគេ បន្ទាប់ពីពួកគេបានឆ្លងកាត់ការប្រកួតសន្សំពិន្ទុវិលជុំ ២ជើងស្មើនឹង ៦ប្រកួតឈ្នះ៣ ស្មើ១ និងចាញ់២ រកបាន ១០ពិន្ទុ និងឈរលេខរៀងទី៣។ សម្រាប់ជំនួបបង្ហើបកិច្ចនេះ ខេត្តបាត់ដំបងបានព្យាយាមយកឈ្នះយ៉ាងចាស់ដៃ លើខេត្តពោធិ៍សាត់ដោយវគ្គទី១ ពួកគេរកបាន ៦គ្រាប់ មុនបន្ថែម ៥គ្រាប់ទៀតនៅវគ្គទី២ ក្នុងនោះមានកីឡាករ ២រូបរកបាន ៣គ្រាប់ម្នាក់ឯង (Hat-Trick) រួមមានកីឡាករ វុធ ដេវីត និងកីឡាករ ចេក កក្កដា ខណៈ ៥គ្រាប់ទៀតបញ្ចប់ទីដោយកីឡាករ ៥នាក់ផ្សេងគ្នា។ សរុបលទ្ធផលជួបគ្នា ២ជើង បាត់ដំបងបានយកឈ្នះខេត្តពោធិ៍សាត់ រហូតដល់ ១៩-១ តែទោះបីឈ្នះពោធិ៍សាត់ច្រើនយ៉ាងណា ក៏ពិន្ទុដែលទទួលបានជ័យជម្នះលើខេត្តពោធិ៍សាត់នេះ មិនត្រូវបានយកបូកក្នុងការប្រជែងកៅអីលេខ៣ ល្អជាងគេ សម្រាប់ក្រុមដែលស្ថិតក្នុងពូលមានបេក្ខភាពប្រកួតប្រជែង ៤ក្រុមឡើយ ដោយគេគិតតែពិន្ទុ និងប្រវត្តិជួបគ្នារវាងក្រុមឈរលេខ១ លេខ២ និងលេខ៣ ក្នុងពូលប៉ុណ្ណោះ។
ផ្អែកលើរូបមន្ដនេះ ក្រុម ស.ស.យ.ក ខេត្តបាត់ដំបងត្រូវបានកាត់ ៦ពិន្ទុ ហើយសល់ត្រឹម ៤ពិន្ទុប៉ុណ្ណោះដែលរកបានពីជ័យជម្នះជើងទី១ និងស្មើជើងទី២ ក្នុងការប្រកួត ២ជើងជាមួយក្រុមសូហ្វីយ៉ាប៉ៃលិន ខណៈ ២ប្រកួតទៀតគឺចាញ់ខេត្តបន្ទាយមានជ័យទាំង ២ជើង។ ដូច្នេះបាត់ដំបងនៅសល់ ៤ពិន្ទុសម្រាប់ធ្វើដើមទុន ក្នុងការប្រជែងកៅអីក្រុមចំណាត់ថ្នាក់លេខ៣ ល្អជាងគេជាមួយពូលផ្សេងៗ ខណៈ ៥ពូលផ្សេងទៀតមិនទាន់បញ្ចប់ការប្រកួតនោះទេ៕
អត្ថបទ៖ លី ឈុនឡា