ភ្នំពេញ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា គឺលោក វិទិត មុនតាប៊ន បានកោតសសើរចំពោះការគ្រប់គ្រង នៅទីតាំងមណ្ឌលថែទាំ និងស្តារនីតិសម្បទា ជនវិបល្លាសស្មារតី របស់កម្ពុជាថា មានភាពល្អប្រសើរ។
ការកោតសសើរនេះ ធ្វើឡើងក្នុងឱកាសជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច ក្រោយពេលដែលលោកបានចុះទៅពិនិត្យនៅទីតាំងមណ្ឌលដោយផ្ទាល់។
លោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម អៀម គន្ធឌី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២។
ក្នុងជំនួបនោះ លោក វិទិត មុនតាប៊ន បានកោតសសើរចំពោះក្រសួងសង្គមកិច្ច ក្នុងការគ្រប់គ្រងដំណើរការមណ្ឌលថែទាំ និងស្តារនីតិសម្បទា ជនវិបល្លាសស្មារតី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបានយ៉ាងល្អប្រសើរ។ ការកោតសសើរនេះ គឺលោកនិងក្រុមការងារបានទៅពិនិត្យនៅទីតាំងមណ្ឌលនោះដោយផ្ទាល់។
លោកលើកឡើងជូនថ្នាក់ដឹកនាំក្រសួងសង្គមកិច្ចថា លោកពិតជាពេញចិត្តនៅពេលបានទស្សនកិច្ចនៅទីនោះ។ លោកសង្កេតឃើញថា គ្រប់យ៉ាងនៅទីតាំងមណ្ឌលថែទាំ និងស្តារនីតិសម្បទា ជនវិបល្លាសស្មារតី មានស្ថានភាពល្អប្រសើរ ដោយមានការធ្វើការរួមគ្នាដោយក្រសួងចំនួន ៣។
លោក ចាប់អារម្មណ៍ជាខ្លាំងចំពោះសកម្មភាពនៅទីតាំងមណ្ឌល ដែលរៀបចំឡើងប្រកបដោយភាពមនុស្សធម៌ និងមានសកម្មភាពជាច្រើនដែលអាចជួយឱ្យសុខភាពរបស់ពួកគាត់ទាំងនោះឆាប់មានភាពប្រសើរឡើង។
លោកថា មណ្ឌលថែទាំ និងស្តារនីតិសម្បទា ជនវិបល្លាសស្មារតី បានធ្វើរឿងដ៏ត្រឹមត្រូវ ដោយអនុញ្ញាតឱ្យក្រុមគ្រួសារអាចមានសិទ្ធិចូលសួរសុខទុក្ខ។ លើសពីនេះ គឺការដាក់ចេញនូវសកម្មភាពជាច្រើនដូចជា ការអប់រំ ការកំសាន្ត ការគូសរូប និងសកម្មភាពបៃតង ដែលរាប់បញ្ចូលទាំងការថែសួន ដាំរុក្ខជាតិជាដើម។
ទន្ទឹមនឹងការកោតសសើរនេះ លោកក៏បានរិះគន់ខ្លះដែរ ចំពោះ ការគ្រប់គ្រងនៅទីតាំងមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ។ លោក បានស្នើឲ្យមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ អនុវត្តយកគំរូតាមការគ្រប់គ្រងមណ្ឌលថែទាំ និងស្តារនីតិសម្បទា ជនវិបល្លាសស្មារតី៕
អត្ថបទ៖ គឹមហុក












