ភ្នំពេញ៖ ក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នឹងជំរុញឱ្យមានតុលាការជំនាញ ដើម្បីជាផ្នែកកាត់បន្ថយភាពចង្អៀតណែនកក្នុងពន្ធនាគារ។
ក្រោយជំនួបរវាងឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHCR) ប្រចាំកម្ពុជា នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ នេះ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្នុងជំនួបដោយផ្ទាល់នាពេលនេះ ត្រូវបានផ្តោតសំខាន់ទៅលើបញ្ហាចំនួនពីរ រួមមាន ទី១ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ដែលផ្តោតទៅការកែទម្រង់ច្បាប់នៃគោលនយោបាយនានាពាក់ព័ន្ធនឹងវិស័យយុត្តិធម៌និងទី២ ភាពចង្អៀតណែនក្នុងពន្ធនាគារ តាមរយៈការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាដំបូងរាជធានី-ខេត្ត។
ពាក់ព័ន្ធនឹងភាពចង្អៀតណែនក្នុងពន្ធនាគារ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា កត្តានាំឱ្យមានភាពចង្អៀតណែនក្នុងពន្ធនាគារ ដោយសាររាជរដ្ឋាភិបាលបានអនុវត្តយុទ្ធនាការទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀន និងយុទ្ធនាការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត រហូតមានការចាប់ខ្លួន និងបញ្ជូនជនសង្ស័យទៅពន្ធនាគារជាបន្តបន្ទាប់។
ចំពោះទិសដៅកំណែទម្រង់ដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ក្រសួងយុត្តិធម៌ នឹងរៀបចំឱ្យមានតុលាការជំនាញ ដើម្បីដោះស្រាយទាំងសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ដូចជាតុលាការពាណិជ្ជកម្ម ឬតុលាការការងារជាដើម។
ផ្អែកតាមយុទ្ធនាការដោះស្រាយសំណុំរឿងតាមសាលាដំបូងរាជធានី ខេត្ត ដែលបានបិទបញ្ចប់កាលពីឆ្នាំ២០២១កន្លងទៅ ការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១, តាមរយៈយុទ្ធនាការនេះសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាលអយ្យការទាំងដំណាក់កាលស៊ើបសួរ និងទាំងដំណាក់កាលជំនុំជម្រះ មានចំនួនសរុបជាង ៣៧.៩០០ រឿង ស្មើនឹង៩៦% នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះសរុបជាង ៣៩.៥០០ រឿង៕ អត្ថបទ៖ សេក ឧត្តម