UN៖ សេចក្ដីថ្លែងការណ៍រួមមួយប្រឆាំងរុស្ស៊ីស្ដីពីជម្លោះក្នុងប្រទេសអ៊ុយក្រែន ដែលបានចេញផ្សាយកាលពីថ្ងៃពុធត្រូវបានគាំទ្រដោយសមាជិកត្រឹមតែ ៥៨ប្រទេសប៉ុណ្ណោះរបស់អង្គការសហប្រជាជាតិ ឬតិចជាង ១ភាគ៣ នៃសមាជិកសរុបចំនួន ១៩៣ប្រទេសរបស់អង្គការនេះ។

តំណាងអចិន្ត្រៃយ៍របស់អ៊ុយក្រែនប្រចាំនៅអង្គការសហប្រជាជាតិលោក Sergey Kislitsa បានអានឯកសារនោះទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ និងបានអានឈ្មោះរដ្ឋទាំងអស់ដែលបានគាំទ្រសេចក្ដីថ្លែងការណ៍នោះ។ ក្នុងចំណោមម្ចាស់ហត្ថលេខីនៃសេចក្ដីថ្លែងការណ៍នេះ គឺប្រទេសនៅសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ហ្ស៊កហ្ស៊ី ទួរគី ប្រទេសមួយចំនួននៅអាស៊ី និងបណ្ដាប្រទេសនៅអាមេរិកឡាទីន។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រកាសប្រតិបត្តិការណ៍សឹកពិសេស ឆ្លើយតបទៅនឹងសំណើសុំឲ្យជួយពីក្រុមប្រធានដឹកនាំសាធារណរដ្ឋ Donbass។ លោកបានបញ្ជាក់ថា ក្រុង Moscow គ្មានផែនការគ្រប់គ្រងដែនដីអ៊ុយក្រែនទេ គឺគ្រាន់តែមានបំណងធ្វើឲ្យប្រទេសជិតខាងមួយនេះគ្មានកងទ័ព និងលុបបំបាត់របបណាស៊ីនិយម។ ក្រោយការវាយលុក លោកខាងលិចបានចាប់ផ្ដើមដាក់ទណ្ឌកម្មទ្រង់ទ្រាយធំបំផុតប្រឆាំងនឹងរុស្ស៊ី ហើយបានបង្កើនការផ្គត់ផ្គង់គ្រឿងសព្វាវុធដល់អ៊ុយក្រែន៕
អត្ថបទ៖ សុខមាន