បាល់ទាត់៖ ខ្សែប្រយុទ្ធស្នូលរបស់ក្លិបនគរបាលជាតិ (ប៉ូលិស) Booysen Shane បានកំពុងសម្រាកព្យាបាលនៅមន្ទីរមួយក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមានបញ្ហាស្ទះសរសៃឈាមខួរក្បាលកាលពីថ្ងៃ ទី០១-មេសាកន្លងទៅ។ តាមរយៈជំងឺដែលត្រូវសម្រាកព្យាបាលយូរនេះ បានធ្វើឲ្យក្រុមកំពុងឈរលេខរៀងទី១២ បណ្ដោះអាសន្នក្នុងលីគនេះជួបវិបត្តិនៅតំបន់ប្រយុទ្ធផងដែរ។

លោក អ៊ុង កនយ៉ានិត គ្រូបង្វឹកក្រុមនគរបាលជាតិបានបញ្ជាក់ថា មកទល់នេះស្ថានភាពជំងឺរបស់កីឡាករ Booysen Shane គឺបានប្រសើរខ្លះហើយ តែគេត្រូវបន្ដសម្រាកព្យាបាលយូរបន្ថែមទៀត ទើបអាចវិលចូលទីលានជួយក្រុមវិញបាន។ ហេតុនេះបានធ្វើឲ្យក្រុមខ្លួនមានការលំបាកក្នុងតំបន់ប្រយុទ្ធ ដ្បិតខ្សែប្រយុទ្ធខ្មែរ ២រូបទៀតក៏មានរបួសជង្គង់មិនទាន់ជាសះស្បើយដែរគឺ នួន បូរី និង ស៊ុន វណ្ណដេត។ គួរដឹងថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្វ្រិកខាងត្បូងរូបនេះ មានអាការៈមិនស្រួលខ្លួនតាំងពីយប់ថ្ងៃទី០១-មេសា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្នុងស្ថានភាពសន្លប់ធំ។ បន្ទាប់ពីមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ទើបឲ្យស្ថានភាពជំងឺរបស់គេបានប្រសើរឡើងវិញ។
ទន្ទឹមជាមួយគ្នាលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រធានក្លឹបបាល់ទាត់នគរបាលជាតិ, លោកឧត្តមសេនីយ៍ត្រី ជឹង ឃាងលី អនុប្រធានក្លឹប, លោកអគ្គលេខាធិការក្លឹប ស្រី ចាន់ថា និងក្រុមការងារ លោកគ្រូ កីឡាករខ្មែរ កីឡាករបរទេស នៃក្លឹបបាល់ទាត់នគរបាលជាតិទាំងអស់ បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន 2365$ ដើម្បីចូលរួមថ្លៃព្យាបាលជំងឺកីឡាករ Booysen Shane។ ហើយក៏មានក្លិបមួយចំនួនក៏បានជូនពរ Booysen ឆាប់ជាសះស្បើយផងដែរ ដូចជាក្លិបព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន និងក្លិបគិរីង់សុខសែនជ័យជាដើម៕
អត្ថបទ៖ លី ឈុនឡា