សៀមរាប៖ ប្រជាពលរដ្ឋប្រមាណ ៧០០គ្រួសារ នៅភូមិទក្សិណ និងភូមិត្រពាំងសេស សង្កាត់គោកចក ក្រុងសៀមរាប បានចូលរួមចាប់ឆ្នោតទទួលយកដី ដើម្បីដូរលំនៅឋានថ្មីចេញពីតំបន់រណីយដ្ឋានអង្គរ ដែលពិធីចាប់ឆ្នោត បានធ្វើឡើងនៅសាលាខេត្ដសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែសីហានេះ។
ប្រជាពលរដ្ឋបានលើកឡើងថា ការសាងសង់លំនៅឋានរបស់ពួកគេ នាពេលកន្លងមក នៅតំបន់ ឧទ្យានអង្គរនេះ ពុំមានច្បាប់អនុញ្ញាតទេ បើទោះជាសង់យូរហើយក្ដី ប៉ុន្ដែដើម្បីចូលរួមលើកតម្លៃ នៃរមណីយដ្ឋានអង្គរ ពួកគេព្រមស្ម័គ្រចិត្ដប្ដូរទីលំនៅថ្មី ទៅរស់នៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រីដែលមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីទីរួមខេត្ដសៀមរាប។
ពួកគេ បានបញ្ជាក់ថា ទំហំដី ដែលរដ្ឋផ្ដល់ឱ្យ ២០គុណនឹង៣០ម៉ែត្រនោះ សមល្មមនឹងទទួលយក បាន ប៉ុន្ដែពួកគេស្នើឱ្យមានការអភិវឌ្ឍសាលារៀន មន្ទីរពេទ្យ ទីវត្ដអារាម និងមានផ្លូវថ្នល់ប្រកបដោយគុណភាព។
លោក ហាយ យុង តំណាងក្រុមការងារតម្រង់ទិសនៃក្រុមការងារវាស់វែងដីក្នុងតំបន់អង្គរ បាន ឱ្យដឹងថា ជំហានដំបូងនេះ ពលរដ្ឋដែលយល់ព្រម អាចនឹងចាប់ផ្ដើមរុះរើលំនៅឋានពួកគេនៅចុងឆ្នាំនេះ ប៉ុន្ដែមានប្រជាពលរដ្ឋខ្លះ បានរុះរើហើយដែរ។ អាជ្ញាធរនឹងឱ្យពួកគេទៅពិនិត្យក្បាលដី ក្រោយពីការចាប់ឆ្នោតរួចបួនប្រាំថ្ងៃ ខណៈក្រុមការងារ កំពុងឈូសឆាយរៀបចំប្ដង់ដីស្របច្បាប់។
លោកបានបញ្ជាក់ថា ទីតំាងដីថ្មីនៅរុនតាឯក ស្រុកបន្ទាយស្រី និងមានការអភិវឌ្ឍគ្រប់វិស័យ រួម មានសាលារៀន មន្ទីរពេទ្យ ទីវត្ដអារាម និងមានផ្លូវថ្នល់ខ្វាត់ខ្វែងផងដែរ ៕
អត្ថបទ៖ ឈិត សាវី