ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកមិត្តភាព សាមគ្គីភាពរវាងកម្ពុជា និងវៀតណាមថាជាចំណុចកំពូល ដែលត្រូវដើរឆ្ពោះទៅមុខសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ចំពោះកម្ពុជា ការរក្សាស្ថិរភាពនយោបាយ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ គឺជាគោលដៅចម្បងក្នុងគោលនយោបាយជាតិដែលត្រូវរួមគ្នាអនុវត្ត។
ឯកឧត្ដមបានលើកឡើងពីយុទ្ធសាស្រ្តប្រកបដោយភាពជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសគឺការចាក់ស្រោចវ៉ាក់សាំងលើប្រជាជនទូទាំងប្រទេសការព្យាបាល និងការអនុវត្តវិធានការសុខាភិបាលនានា រហូតអាចមានលទ្ធភាពបើកដំណើរការឡើងវិញលើគ្រប់វិស័យ។
ឯកឧត្ដម បានលើកឡើងអំពីលទ្ធផលការងារដោះស្រាយវិវាទដីធ្លី និងការចុះបញ្ជីដីធ្លី នៅទូទាំង ប្រទេស។ បានលើកឡើងអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា កន្លងមកនេះដែលគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់។
ឯកឧត្ដម ជា សុផារ៉ា បានសម្ដែងសុទិដ្ឋិនិយមថា ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងក្រសួងរៀបចំដែនដី ក៏ដូចជារវាងកម្ពុជា ជាមួយវៀតណាម នឹងកាន់តែស្អិតរមួត និងចាក់គ្រឹះ យ៉ាងរឹងមាំថែមទៀត ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ឯកអគ្គរដ្ឋទូតវៀតណាម បានបង្ហាញការសាទរចំពោះសមិទ្ធផលទាំងឡាយ ដែលប្រជាជន និង រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ដែលសមិទ្ធផលទាំងនេះ ក៏មានការរួមចំណែកប្រកបដោយការខិតខំ ប្រឹងប្រែងពីក្រសួងរៀបចំដែនដី ក្នុងការងារចុះបញ្ជីដីធ្លី ដើម្បីផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ។
ឯកអគ្គរដ្ឋទូត សង្ឃឹមថា ក្រសួងនានា នៃប្រទេសវៀតណាម និងក្រសួងជាដៃគូនៅក្នុងប្រទេស កម្ពុជា នឹងមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតបន្ថែមទៀត ដើម្បីរួមគ្នាក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ។ ការអភិវឌ្ឍរបស់ប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះ គឺមិនអាចកាត់ផ្តាច់ចេញពីការជួយឧបត្ថម្ភគាំទ្ររបស់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាបានឡើយ។
ឯកអគ្គរដ្ឋទូត ប្ដេជ្ញា នឹងធ្វើជាស្ពានចម្លងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងរៀបចំដែនដីកម្ពុជា ជាមួយនឹងក្រសួងរបស់វៀតណាម ហើយសង្ឃឹមថា ភាគីកម្ពុជា នឹងបន្តជំរុញការងារនេះ ដើម្បី ទទួលបានជោគជ័យលើភារកិច្ចការងារ៕ អត្ថបទ៖ យន់ វ៉ាន់