ភ្នំពេញ៖ ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុកគ្រឹះស្ថានសិក្សាឯកជនបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ការថ្លែងរបស់ឯកឧត្តម ជា ជាតិ យ៉ាងដូច្នេះ ក្នុងពិធីម្ពោធសាលាអាមេរិកកាំងហ្គោលឌិនហ្គេតសាខាភ្នំពេញថ្មី នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ។
ឯកឧត្តម បានលើកឡើងទៀតថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំ ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ ដោយហេតុថាវិស័យនេះ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យដទៃទៀត។
ទន្ទឹមនឹងនោះឯកឧត្តម បណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងអប់រំ បានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ធ្វើឱ្យ គ្រឹះស្ថានសិក្សាទាំងផ្នែកសាធារណៈ និងផ្នែកឯកជនមានការរីកដុះដាលយ៉ាងខ្លាំងដែលនេះ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ឈានទៅពង្រឹងគុណភាពអប់រំឲ្យកាន់តែប្រសើរថែមទៀត។
ឯកឧត្តម ជា ជាតិ បានសង្កត់ធ្ងន់ថា ជាក់ស្តែងការដាក់សម្ពោធឱ្យដំណើរការសាលាអាមេរិកាំងហ្គោលឌិនហ្គេតសាខាភ្នំពេញថ្មីនេះ គឺជាសក្ខីភាព ដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពភាពរីកលូតលាស់ភាពជោគជ័យ នៃវិស័យអប់រំរបស់សាលានៅកម្ពុជាយើង។
បើតាមឧកញ៉ា ហេង សុគន្ធា អគ្គនាយិកាសាលាអាមេរិកាំងហ្គោលឌិនហ្គេត បានឲ្យដឹងថា ដោយមើលឃើញពីសារៈសំខាន់ក្នុងវិស័យអប់រំនេះ សាលាអាមេរិកកាំងហ្គោលឌិនហ្គេត បានរួមចំណែកក្នុងការអភិវឌ្ឍនៅកម្ពុជា ជាពិសេសពង្រឹងចំណេះដឹងទូទៅជាមូលដ្ឋាន និងជំនាញភាសាបរទេស ដែលនាំឲ្យកុលបុត្រកុលធីតាយើងមានសមត្ថភាព ក្នុងភាពជាអ្នកដឹកនាំ និងប្រជាពលរដ្ឋប្រកបដោយគតិបណ្ឌិតទៅថ្ងៃអនាគតដែលមិនអាចខ្វះបាន។
ការបើកសាខាភ្នំពេញថ្មីនេះ ដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ដែលបានចុះឈ្មោះបុត្រធីតាចូលរៀនមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ឧកញ៉ា ហេង សុគន្ធា អគ្គនាយិកា បានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបទៅនឹងការគាំទ្រ និងការផ្ដល់ទំនុកចិត្តពីសំណាក់អាណាព្យាបាល មាតាបិតាសិស្សានុសិស្ស ចំពោះសាលានាពេលឆាប់ៗខាងមុខនេះ សាលានឹងបើកការដ្ឋានសាងសង់សាខាថ្មីមួយទៀត នៅលើផ្ទៃដីទំហំ ៥ហិកតាស្ថិតនៅលើបណ្ដោយមហាវិថីសម្ដេច ហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ)៕ អត្ថបទ៖ រដ្ឋា