ភ្នំពេញ ៖ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអៈអាងថា សតវត្សទី២១ ជាសតវត្សនៃការបណ្តុះគំនិតថ្មី បែបសហសម័យដោយឈរលើមូលដ្ឋានអភិរក្ស ដែលសិប្បករ គ្រប់រូបត្រូវចេះគិតពិចារណា សម្រាប់ពេលបច្ចុប្បន្ន និងអនាគត ក្នុងការពង្រីកឧស្សាហកម្មវប្បធម៌ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
ការថ្លែងរបស់ឯកឧត្តម សោម សុគន្ធ យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី«សិល្បៈខ្មុកម្រ័ក្សណ៍ខ្មែរ» នាទីសី្តការក្រសួងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តម រដ្ឋលេខាធិការបន្តថា សិល្បៈខ្មុកម្រ័ក្សណ៍ ជាទម្រង់សិល្បៈមួយដ៏វិចិត្រ ដែលអ្នកស្រុក ឬសិល្បករ បានយកជ័រដើមគ្រើល គឺជាជ័រម្រ័ក្សណ៍ ដើម្បីលាបលនទៅលើវត្ថុប្រើប្រាស់ផ្សេងៗ ដែលជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដូចជាលាបលើល្អី កញ្ជើរ រទេះ តោក ហិបស្លា ទាប តុ កៅអី គ្រែ។ គឺក្នុងគោលបំណងឲ្យវត្ថុទាំងនោះជាប់មាំបានយូរ ពីព្រោះជ័រម្រ័ក្សណ៍ធន់នឹងកំដៅ និងសំណើម។ ម្រ័ក្សណ៍មានពណ៌ខ្មៅស្រស់ និងពណ៌ក្រហមរលោងជាទីចាប់អារម្មណ៍សម្រាប់ការលាបលនតុបតែងលំអគ្រឿងសង្ហារឹមគេហដ្ឋាន។
ឯកឧត្តម សោម សុគន្ធ បានលើកឡើងទៀតថា ចាប់ពីសតវត្សទី៦ រហូតមកដល់សម័យក្រោយអង្គរ ម្រ័ក្សណ៍ត្រូវបានប្រើប្រាស់សម្រាប់លាបលនលើរូបបដិមា ធ្វើអំពីថ្មភក់ អំពីឈើ និងលោហធាតុផ្សេងៗ សម្រាប់ការគោរពបូជារបស់ព្រះមហាក្សត្រ និងប្រជារាស្រ្តសាមញ្ញ ក្នុងនោះយើងសង្កេតឃើញបដិមាមកពីតំបន់អង្គរបុរី ខេត្តតាកែវ និងបដិមាផ្នែកព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ជាច្រើនទៀតមកពីតំបន់អង្គរ ខេត្តសៀមរាប។ ម្រ័ក្សណ៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការលាបគ្រឿងសំណង់ព្រះវិហារ កុដិ សាលាឆាន់។ ដោយគ្រឿងបំពាក់សំណង់ទាំងនោះ រចនាទៅដោយចម្លាក់ឈើ ឬថ្មដោយមានលាបម្រ័ក្សណ៍ បិតមាស សន្លឹក ដាំខ្យង ដាំកញ្ចក់ យ៉ាងប្រណិត សក្តិសមជាទីសក្ការៈបូជាដ៏ឧត្តម។ បច្ចុប្បន្ននេះ ប្រទេសជាតិ និងពិភពលោក បាននឹងកំពុងធ្វើដំណើរទៅមុខយ៉ាងលឿន នៃសតវត្សទី២១ ដោយឡែកសិល្បៈគ្រប់ទម្រង់ បានវិវត្តន៍ទៅមុខឥតឈប់ឈរ ដោយផ្អែកទៅលើកត្តាទស្សនវិជ្ជាទាន់សម័យទំនើបបង្កប់នូវខ្លឹមសារយ៉ាងជ្រៅ ដែលតម្រូវឲ្យអ្នកទស្សនា អ្នកអានត្រូវការពេលវេលាគិតពិចារណា ទៅលើស្នាដៃសិល្បៈទាំងនោះ។
បើតាមលោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម បានបញ្ជាក់ថា សិក្ខាសាលាថ្នាក់ជាតិនេះ ប្រារព្ធឡើងសំដៅបំផុស និងលើកទឹកចិត្តដល់សិល្បករ សិប្បករ អ្នកប្រកបកិច្ចការសិល្បៈវប្បធម៌ដ៏ទៃទៀត ពិសេសមហាជនទូទៅឲ្យចូលរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍ នូវវិស័យសិល្បៈវប្បធម៌ជាតិ គ្រប់ទម្រង់ឲ្យស្ថិតស្ថេរគង់វង្ស៕ អត្ថបទ ៖ រដ្ឋា













