ថៃ៖ មេដឹកនាំថៃលោក Prayut Chan-o-cha ដែលត្រូវបានផ្អាកពីតំណែងបាននិយាយនៅលើបណ្ដាញសង្គមថា លោកនឹងបន្តតួនាទីរបស់លោកជារដ្ឋមន្ត្រីការពារជាតិ ក្នុងការថ្លែងសុន្ទរកថាដោយផ្ទាល់លើកដំបូងជាសាធារណៈ ចាប់តាំងពីតុលាការបានបញ្ជាឲ្យលោកផ្អាកតួនាទីរបស់លោកជានាយករដ្ឋមន្ត្រី ខណៈដែលតុលាការបានត្រួតពិនិត្យអាណត្តិរបស់លោកឡើងវិញ។
លោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan កំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទីរបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់អាស៊ី-អាគ្នេយ៍មួយនេះ។ លោក Prayuth បាននិយាយនៅលើគណនី Twitter ផ្លូវការរបស់លោកកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ខ្ញុំនឹងបន្តបំពេញតួនាទី និងទំនួលខុសត្រូវរបស់ខ្ញុំជារដ្ឋមន្ត្រីការពារជាតិសម្រាប់ប្រជាជន និងប្រទេសថៃជារៀងរាល់ថ្ងៃ។
ភាពចម្រូងចម្រាសជុំវិញការកំណត់អាណត្តិរបស់លោក Prayuth គឺជាព្រឹត្តិការណ៍ចុងក្រោយបំផុតក្នុងពេលជិត ២ទសវត្សរ៍នៃភាពចលាចលខាងនយោបាយផ្ទួនៗគ្នា រួមទាំងរដ្ឋប្រហារចំនួន២លើក និងការតវ៉ាដោយហិង្សាបង្កឡើងដោយក្រុមប្រឆាំង ចំពោះការលូកដៃរបស់យោធានៅក្នុងនយោបាយ និងទាមទារឲ្យមានតំណាងកាន់តែទូលំទូលាយ ខណៈការយល់ដឹងខាងនយោបាយកាន់តែមានភាពជឿនលឿន។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយនៅថ្ងៃសុក្រនេះថា គណៈរដ្ឋមន្ត្រីនៅតែបន្តមុខងាររបស់ខ្លួនជាធម្មតា៕
អត្ថបទ៖ សុខមាន