បាល់ទាត់៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ រួមជាមួយឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៥ ខែសីហា បានអញ្ជើញចូលរួមប្រកួតបាល់ទាត់លក្ខណៈមិត្តភាពចម្រុះជាមួយក្រុមកីឡាករ នៃក្លិបណាហ្គាវើលដ៏នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីជាការតេស្ដសាកល្បង ក៏ដូចជាពិនិត្យវឌ្ឍនភាពសាងសង់កីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះ ដែលគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៦ ខែកញ្ញាខាងមុខ។

លោក អ៊ុង រដ្ឋា អ្នកសម្របសម្រួលគម្រោងសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ការប្រកួតមិត្តភាពនេះគ្រាន់តែបង្កលក្ខណៈសប្បាយរីករាយរវាងដៃគូសំខាន់ៗ ៣ ដែលជំរុញឲ្យគម្រោងកីឡដ្ឋាននេះលេចចេញជារូបរាង ទី១-អ្នកឧបត្ថម្ភធំគឺក្រុមហ៊ុនណាហ្គាវើលដ៏ ទី២-រដ្ឋបាលខេត្តកំពង់ស្ពឺ និងទី៣-ក្រុមការងារឯកឧត្តម ហ៊ុន ម៉ានី ដែលមានឯកឧត្តមអ្នកផ្ដួចផ្ដើមគំនិតសាងសង់គម្រោងនេះផ្ទាល់តែម្ដង។ អ្នកសម្របសម្រួលគម្រោងសាងសង់ដដែលបន្ដថា មកទល់ពេលនេះកីឡដ្ឋានខេត្តកំពង់ស្ពឺបានសម្រេចការសាងសង់ជាង ៩៥% ហើយគ្រោងនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនាថ្ងៃទី០៦ ខែកញ្ញាក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់។ ក្រោមចក្ខុវិស័យរបស់ឯកឧត្តម ហ៊ុន ម៉ានី លោកបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះវត្តមានកីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះ។

ទន្ទឹមជាមួយគ្នា ឯកឧត្តម វី សំណាង បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយក្រៃលែង ចំពោះលេចចេញជារូបរាងផ្លូវការរបស់កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលជាសមិទ្ធផលថ្មីមួយទៀតបានកើតឡើងក្រោមម្លប់សន្ដិភាព។ ឯកឧត្តមបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមអបអរសាទរជាមួយសមិទ្ធផលថ្មីនេះ នឹងរួមគ្នាប្រើប្រាស់ និងថែរក្សាឲ្យបានយូរអង្វែង ពិសេសសម្រាប់បម្រើឲ្យផលប្រយោជន៍ដល់ប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺតែម្ដង។ គួរដឹងថា កីឡដ្ឋានខេត្តកំពង់ស្ពឺបានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ដោយចំណាយថវិកាជាង ៣លានដុល្លារ។ កីឡដ្ឋាននេះប្រើប្រាស់ស្មៅសិប្បនិម្មិត អមជាមួយការសាងសង់អគារដ្ឋបាល និងកន្លែងអង្គុយទស្សនា ៣,០០០នាក់ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ។ កីឡដ្ឋាននេះមានបង្គោលភ្លើងសម្រាប់បម្រើការប្រកួតពេលយប់ ហើយបើគ្មានការប្រែប្រួលទេនោះ ក្រោយពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កីឡដ្ឋានដែលនឹងក្លាយជាមូលដ្ឋានរបស់ក្លិបណាហ្គាវើលដ៏នេះ នឹងបើកទ្វារស្វាគមន៍ការប្រកួតផ្លូវការដំបូងជាមួយក្រុមគិរីវង់សុខសែនជ័យ នាដើមខែតុលាខាងមុខ៕
អត្ថបទ៖ លី ឈុនឡា