ការ៉ាតេ៖ សហព័ន្ធកីឡាការ៉ាតេកម្ពុជានៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ម្សិលមិញបានរៀបចំសិក្ខាសាលាស្ដីពីវគ្គអាជ្ញាកណ្ដាល-ចៅក្រម រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដោយបានអញ្ជើញអ្នកជំនាញអន្ដរជាតិ ២រូបមកបង្រៀន រួមមានលោក Mansour ប្រធានអាជ្ញាកណ្តាលសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ និងគ្រូឧទ្ទេសជនជាតិម៉ាឡេស៊ីលោក Chen Chee Hong អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេពិភពលោក, សហព័ន្ធកីឡាការ៉ាតេអាស៊ី និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ផងដែរ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជាមានប្រសាសន៍ថា សិក្ខាសាលានេះដំណើរការទៅបានក្រោមការគម្រោងថវិកា គាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រោមការគាំទ្រយ៉ាងពេញទំហឹងពីកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា។ សហព័ន្ធរៀបចំសិក្ខាសាលាស្តីពីវគ្គអាជ្ញាកណ្តាល-ចៅក្រមត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកអាជ្ញាកណ្តាលចៅក្រម ដែលជាមនុស្សដ៏សំខាន់ក្នុងការថែរក្សាគោលការណ៍លេងដោយយុត្តិធម៌ បទបញ្ជាការប្រកួត និងរបៀបរបបនៃការវិនិច្ឆ័យ ដើម្បីជំរុញឲ្យការប្រកួតមួយប្រកបដោយស្តង់ដារអន្ដរជាតិ។
តាមរយៈការអញ្ជើញអ្នកជំនាញអន្ដរជាតិមកបង្ហាត់បង្រៀនផ្ទាល់នេះ ទោះបីមានរយៈពេលខ្លីក្ដី តែឯកឧត្តម វ៉ាត់ ចំរើន បានជំរុញឲ្យសិក្ខាកាមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ ទទួលយកចំណេះដឹងពីគ្រូឧទ្ទេស ព្រោះការចែករំលែកពីគ្រូកម្រិតអន្តរជាតិនេះ មិនមែនសំខាន់តែទៅលើមន្ត្រីអាជ្ញាកណ្តាល-ចៅក្រមប៉ុណ្ណោះទេ ប៉ុន្តែវាមានសារៈសំខាន់ដូចគ្នាសម្រាប់កីឡាករ-កីឡាការិនី ពោលគឺការក្តាប់បាននូវចំណេះដឹងពីច្បាប់ បទបញ្ជាការប្រកួតច្បាស់លាស់ នឹងផ្តល់ទំនុកចិត្តកាន់តែខ្ពស់ក្នុងការប្រើប្រាស់បច្ចេកទេស។ ប្រសិនបើកីឡាករ-កីឡាការិនីណាម្នាក់ចេះមិនច្បាស់ពីក្បួនច្បាប់បច្ចេកទេសកីឡាការ៉ាតេ មិនដឹងពីរបៀបរបបនៃការដាក់ពិន្ទុច្បាស់លាស់ទេ នោះអត្តពលិករូបនោះមិនអាចបញ្ចេញជំនាញបច្ចេកទេសឲ្យទទួលបានពិន្ទុល្អបានទេ។
ជាមួយគ្នា ឯកឧត្តមអគ្គលេខាធិការបានសំណូមដោយទទូចថា ពេលនេះគឺជាពេលវេលាដ៏សំខាន់ក្នុងការសម្រួចគោលដៅ ឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ហើយមន្ត្រីជំនាញទាំងអស់គប្បីឆ្លៀតពេលទទួលយកចំណេះដឹង ពីការអភិវឌ្ឍបច្ចេកទេសថ្មីៗរបស់ពិភពលោក ដើម្បីចូលរួមកាត់សេចក្តីក្នុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះឲ្យទទួលបានជោគជ័យ។ បទបញ្ជាការប្រកួតប្រភេទកីឡាការ៉ាតេត្រូវបានគោរពនៅលើពិភពលោក ដោយមានពុម្ព ស្តង់ដា គំរូតែមួយ ហើយភាពហ្មត់ចត់ច្បាស់របស់ប្រភេទកីឡាការ៉ាតេនេះហើយ ដែលធ្វើឲ្យជំនាញកីឡាមួយនេះមានដំណើរការអភិវឌ្ឍក្នុងពិភពលោក៕
អត្ថបទ៖ លី ឈុនឡា