WHO៖ អង្គការសុខភាពពិភពលោកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សចំនួន ១លាននាក់បានស្លាប់ដោយសារវីរុស COVID-19 ក្នុងឆ្នាំ២០២២ ដោយហៅថាជាសោកនាដកម្មដ៏ធ្ងន់ធ្ងរបំផុត ទាំងដែលមានឧបករណ៍ទាំងអស់ក្នុងទប់ស្កាត់ការស្លាប់ហើយនោះ។

មនុស្សស្លាប់ជិត ៦.៤៥លាននាក់ត្រូវបានរាយការណ៍ទៅកាន់អង្គការសុខភាពពិភពលោក ចាប់តាំងពីវីរុសនេះត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំ២០១៩។ ប៉ុន្តែប្រមុខអង្គការសុខភាពពិភពលោកគឺលោក Tedros Adhanom Ghebreyesus បានសួរថា តើវីរុសរាតត្បាតសកលនេះពិតជាជំងឺកាចសាហាវជាងគេបំផុតក្នុងពិភពលោកនៅឆ្នាំនេះមែន ឬយ៉ាងណា។ លោកបានប្រាប់សន្និសីទសារព័ត៌មានថា នៅសប្ដាហ៍នេះយើងបានជួបប្រទះសោកនាដកម្មធ្ងន់ធ្ងរបំផុតដោយមានអ្នកស្លាប់ ១លាននាក់ត្រូវបានរាយការណ៍តែនៅឆ្នាំនេះ។ យើងមិនអាចនិយាយថា យើងកំពុងរៀនរស់ជាមួយវីរុស COVID-19 នៅពេលមនុស្ស ១លាននាក់បានស្លាប់ដោយសារវីរុស COVID-19 តែនៅក្នុងរយៈពេល ១ឆ្នាំនេះ នៅពេលយើងបានហែលឆ្លងជំងឺរាតត្បាតសកលរយៈកាល ២ឆ្នាំកន្លងមកនេះ ហើយយើងមានឧបករណ៍ចាំបាច់ទាំងអស់ ដើម្បីទប់ស្កាត់ការស្លាប់ទាំងនេះ។
យើងបានស្នើដល់រដ្ឋាភិបាលមទាំងអស់ឲ្យពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីចាក់វ៉ាក់សាំងដល់ក្រុមបុគ្គលិកសុខាភិបាលទាំងអស់ មនុស្សចាស់ និងអ្នកទាំងឡាយដែលមានការប្រឈមខ្ពស់បំផុត និងដំណើរការចាក់វ៉ាក់សាំងជាមធ្យមឲ្យបាន ៧០% សម្រាប់ចំនួនប្រជាជនទាំងអស់លើពិភពលោក។ គួរឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រ ទី២៦ សីហា ឆ្នាំ២០២២ នេះមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ចំនួន ៦,៤៨២,៦៥១នាក់ និងអ្នកឆ្លងសរុបមាន ៦០៤,១១៥,១៧៩នាក់៕
អត្ថបទ៖ សុខមាន