កណ្ដាល៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២២នេះ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចុះចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋជាង ២០០គ្រួសារ ក្រោមវត្តមានលោកអភិបាលស្រុកលោក ឡូវ សុខសាន ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកៀនស្វាយ ។
ពិធីចែកអំណោយមនុស្សធម៌ ធ្វើឡើងនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកៀនស្វាយ សហការជាមួយសប្បុរសជន លោកឧកញ៉ា ហុក គីមសាន និងលោកជំទាវ ប៉ូ សាកុល និងលោកជំទាវ គួច សាយអេង ត្រូវជាម្ដាយលោកឧកញ៉ា ហុក គីមសាន ព្រមទាំងមានការចូលរួមពីអាជ្ញាធរភូមិឃុំ និងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ឈើទាលផងដែរ។
ក្នុងពិធីនេះ លោកអភិបាលស្រុកលោក ឡូវ សុខសាន បានថ្លែងថា បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវសហការមន្ទីរសុខាភិបាល ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យមកទទួលការចាក់វ៉ាក់សាំងនេះឱ្យបានគ្រប់ៗគ្នា និងត្រូវមានការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនូវវិធានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋឱ្យ បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត។
លោកអភិបាលស្រុក បានបន្ដទៀតថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលចាក់ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺបានមកដោយការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកវ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋនៅក្នុងទូទាំងប្រទេសឱ្យបានគ្រប់ៗគ្នា សំដៅបង្ការ ទប់ស្កាត់ កុំឱ្យមានការឆ្លងរីករាលដាលពាក់ព័ន្ធជំងឺដ៏កាចសាហាវនេះ។
ស្របពេលជាមួយគ្នានេះលោក ឡូវ សុខសាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែមកទទួលការចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា និងបន្តចាក់ដូសជំរុញបន្ថែមទៀត ដើម្បីទប់ស្កាត់នៅមេរោគកូវីដ-១៩។
ជាមួយគ្នានោះផងដែរសមាជិកក្រុមប្រឹក្សាឃុំឈើទាល លោក ហែម ស៊ីវ៉ុន បានលើកឡើងថា ការចែកអំណោយនេះ មិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ អំណោយនេះតិចតួចក្ដី តែអាចជួយដោះស្រាយជីវភាពដល់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិតផងដែរ ។
សូមបញ្ជាក់ថា លោកឧកញ៉ា ហុក គីមសាន និងលោកជំទាវ ប៉ូ សាកុល និងលោកជំទាវ គួច សាយអេង ត្រូវជាម្ដាយលោកឧកញ៉ា ហុក គីមសាន បានរួមចំណែកក្នុងការជួយដល់កិច្ចការមនុស្សធម៌ជាច្រើនតាមរយៈផ្ដល់អំណោយជូនពលរដ្ឋក្រីក្រ ចូលរួមក្នុងវិស័យសុខាភិបាល វិស័យព្រះពុទ្ធសាសនា វិស័យអប់រំ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅទីជនបទ។ អំណោយមនុស្សធម៌ដែលបានផ្ដល់ប្រជាពលរដដ្ឋ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ,ទឹកត្រី ០១យួរ ,ត្រីខ០១យួរ ,ភួយ០១ និងថវិកាចំនួន ២០០០០រៀលផងដែរ៕អត្ថបទ៖ សាវី


















