សហរដ្ឋអាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានអំពាវនាវដល់ក្រុមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យឲ្យបោះឆ្នោត ដើម្បីស្រោចស្រង់ប្រជាធិបតេយ្យឡើងវិញ និងបានប្រៀបធៀបមនោគមន៍វិទ្យារបស់គណបក្សសាធារណរដ្ឋ ទៅនឹងគំនិតហ្វាស៊ីសនិយមពាក់កណ្ដាល ខណៈលោកបានដឹកនាំបង្កើតការប្រមូលផ្ដុំ និងរៃអង្គាសមូលនិធិនៅក្នុងរដ្ឋ Maryland សល់ពេល ៧៥ថ្ងៃមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។
ការអះអាងខុសដែលស្ដីបន្ទោសការលួចបន្លំការបោះឆ្នោត សម្រាប់ការបរាជ័យរបស់លោក Donald Trump ត្រូវបានស្រែកចេញពីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ភ្លាមៗ ក្រោយលោក Biden បាននិយាយនូវអ្វីដែលលោកហៅថា ជាការដុតកម្ទេចចោលនយោបាយ MAGA របស់គណបក្សសាធារណរដ្ឋ។ ថ្លែងទៅកាន់ក្រុមមនុស្សរាប់ពាន់នាក់នៅវិទ្យាល័យ Montgomery ក្នុងទីក្រុង Rockville រដ្ឋ Maryland លោក Biden បាននិយាយថា សិទ្ធិរបស់អ្នកក្នុងការជ្រើសរើសស្ថិតនៅលើសន្លឹកឆ្នោតនៅឆ្នាំនេះជិតមកដល់ហើយ របបសន្តិសុខសង្គមដែលអ្នកទាំងអស់គ្នាបានចំណាយចាប់តាំងពីអ្នកមានការងារធ្វើគឺនៅលើសន្លឹកឆ្នោត។ សុវត្ថិភាពកូនចៅរបស់អ្នកទាំងអស់គ្នារួចផុតពីអំពើហិង្សាដោយអាវុធគឺនៅលើសន្លឹកឆ្នោត ហើយនេះមិនមែនជារឿងចេះតែនិយាយទេ ការរស់រានមានជីវិតទាំងអស់នៃភពរបស់យើងគឺនៅលើសន្លឹកឆ្នោត៕
អត្ថបទ៖ សុខមាន