បន្ទាយមានជ័យ៖ ករណីភ្លៀងធ្លាក់កក់ខែលាយឡំដោយខ្យល់កន្ត្រាក់ បានបណ្ដាលឲ្យតូបលក់ដូររបស់អាជីវករនៅចំណុចផ្សារកាស៊ីណូផ្កាយ ទទួលរងការខូចខាតទាំងស្រុងអស់ចំនួន ៦០តូប និងផ្ទះសម្បែងរបស់ពលរដ្ឋរស់នៅក្បែរតំបន់មាត់អូរ ចំណុចដើមស្រល់ជាប់ព្រំដែនថៃរលំខូចខាតអស់ ១៤ខ្នងផ្ទះក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្ដាល ១ខ្នង បាតុភូតនេះបណ្ដាលឲ្យមានការខូចខាតសម្ភារៈទ្រព្យសម្បត្តិអស់ ១ចំនួនធំ ប៉ុន្តែមិនបណ្ដាលឲ្យមានការប៉ះពាល់ដល់អាយុជីវិតរបស់ពលរដ្ឋនោះឡើយ កាពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ។
ក្នុងហេតុការណ៍នោះដែរ ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ រួមទាំងអាជ្ញាធរក្រុងប៉ោយប៉ែតបានធ្វើការចុះត្រួតពិនិត្យភ្លាមៗ ដល់ទីកន្លែងកើតហេតុក្នុងករណីនេះដែរ បណ្ដាលឲ្យខូចខាតទាំងស្រុងតូបអាជីវករលក់ដូរអស់ចំនួន ៦០ និងរលំផ្ទះសម្បែងរបស់ពលរដ្ឋអស់ចំនួន ១៤ខ្នងផ្ទះក្នុងនោះ ១ខ្នងទៀតនៅចំណុចផ្សារកណ្ដាល សរុបផ្ទះដែលរងការខូចខាតអស់ចំនួន ១៥ខ្នងផ្ទះ៕ អត្ថបទ៖ ឃិន សារិទ្ធ





