ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម តាមរយៈអ្នកនាំពាក្យអះអាងថា កម្ពុជារឺពិភពលោក គឺគ្មានការជន់លិចធ្ងន់ធ្ងរបំផុតនោះទេ ក្នុងសប្ដាហ៍នេះ សប្ដាហ៍ក្រោយ រឺជាច្រើនឆ្នាំបន្ទាប់ក្ដី។ នេះជាការអះអាង ស្របពេលដែលបុគ្គលជាអ្នកនយោបាយកម្ពុជាមួយរូប បានផ្សព្វផ្សាយថា នឹងមានការជន់លិចកម្ពុជាកម្រិតធ្ងន់ធ្ងរ។ ការផ្សព្វផ្សាយនេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ ដោយបុគ្គលនោះ អោយពលរដ្ឋរត់ភៀសខ្លួនទៅខេត្តសៀមរាប តាមការប្រាប់ខ្លួន។
ឯកឧត្តម ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងតុនិយម បានបញ្ចេញសារបដិសេធភ្លាមៗថា តាមការសិក្សាបែបវិទ្យាសាស្រ្ត គឺកម្ពុជាក៏ដូចជាប្រទេសដទៃទៀត គឺគ្មានការជន់លិចធ្ងន់ធ្ងរ ដូចការផ្សព្វផ្សាយបែបអបិយជំនឿនោះទេ។ ឯកឧត្តមអះអាងបែបនេះ ដោយលើកឡើងនូវអំណេះអំណាងពីរចំណុច។
ចំណុចទី១, គឺភ្លៀងត្រូវការពេលវេលា ក្នុងការកកើត ពុំមែនភ្លៀងអាចបន្តធ្លាក់រាប់អាទិត្យ រឺរាប់ខែនោះទេ។ ទោះករណីព្យុះក៏មានរយៈពេល និងមានទិសដៅផងដែរ មិនមែនមានឥទ្ធិពលខ្លាំងរហូតនោះទេ។
ចំពោះចំណុចទី២,ដែលឯកឧត្តម អះអាងថា កម្ពុជានិងពិភពលោក មិនអាចមានការជន់លិចទាំងស្រុងនោះ គឺដោយសារតាមការព្យាករណ៍របស់អ្នកវិទ្យាសាស្រ្តសិក្សាឃើញថា បើករណីកម្ដៅលើផែនដីបន្តឡើងកម្ដៅ បង្កឱ្យរលាយទឹកកក កើនឡើងកម្ពស់ទឹកសមុទ្រ ក៏ស្ថិតនៅចន្លោះឆ្នាំ ២១០០ មិនមែនបច្ចុប្បន្ននោះទេ។ ហើយការលិចនោះ ក៏ពុំមែនលិចគ្មានកន្លែងជ្រកនោះទេ គ្រាន់តែបង្កផលប៉ះពាល់ដល់ដីកសិកម្ម ដែលបង្កដោយកម្ពស់ទឹកសមុទ្រ។
ក្នុងនាមជាអ្នកជំនាញពឹងផ្អែកលើការសិក្សាបែបវិទ្យាសាស្រ្ត ឯកឧត្តមស្នើសុំបញ្ជាក់ទៅប្រជាពលរដ្ឋ កុំឱ្យជឿការឃោសនា បែបទេវកថា ដែលគ្មានការសិក្សា គ្មានអំណះអំណាងបែបនេះ៕
អត្ថបទ៖ គឹមហុក



