ភ្នំពេញ៖ បណ្តាញសង្គមស៊ីវិលកម្ពុជា ត្រូវបានប្រកាសបើកដំណើរការជាផ្លូវការ នៅថ្ងៃទី២៦ ខែសីហានេះ គឺដើម្បីតាមដាន និងជាកញ្ចក់ចូលរួមកែលម្អការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។
លោក ទុំប៉ែន វីរៈវីទូ ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា បានឱ្យដឹងថា បណ្តាញសង្គមស៊ីវិល ត្រូវបានបង្កើតឡើង ដើម្បីជួយគ្នាទៅវិញទៅមក រវាងអង្គការក្រៅរដ្ឋាភិបាល ជាមួយរាជរដ្ឋាភិបាល ដែល សំដៅរួមចំណែកដល់ការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាល ដូចជាការចូលរួមតាក់តែងច្បាប់ ជាដើម។
លោក បានបន្តថា ក្នុងនាមបណ្តាញសង្គមស៊ីវិលកម្ពុជា នឹងដើរតួនាទីពាំនាំនូវកង្វល់របស់អង្គការ សង្គមស៊ីវិល ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំង សម្រាប់ការចូលរួមកែលម្អ នៃការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។
លោក ទុំប៉ែន វីរៈវីទូ បានបញ្ជាក់ថា បណ្តាញសង្គមស៊ីវិលកម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការ ចូលរួមតាមដានលើការអនុវត្តរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្តីពីការរៀបចំការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅឆ្នាំក្រោយ ហើយការចូលរួមសង្កេតនេះ នឹងក្លាយជា សក្តានុពលបន្ថែម ឆ្លុះបញ្ចាំងពីការអនុវត្តត្រឹមត្រូវ របស់គ.ជ.ប ៕
អត្ថបទ៖ សេក ឧត្តម