ភ្នំពេញ៖ ធនាគារ PPCBank ផ្តល់ប្រាក់កម្ចីសម្រាប់ទិញលំនៅឋាន នៅគម្រោងបុរី PR Property រហូតដល់ ៩០% នៃតម្លៃផ្ទះសរុប និងផ្តល់ការកម្ចីមានរយៈពេល ២០ឆ្នាំ ជាលក្ខខណ្ឌផ្តល់ប្រាក់កម្ចីពិសេសមិនធ្លាប់មាន និងអតិថិជនទទួលបានការអនុម័តកម្ចីកាន់តែងាយស្រួល និងលឿនជាងមុន។
លោក ញ៉ក់ គឹមស្រួយ នាយកប្រតិបត្តិរងជាន់ខ្ពស់នៃធនាគារ PPCBank លើកឡើងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូ ក្នុងការផ្តល់ឥណទានគេហដ្ឋាន រវាងធនាគារ PPCBank និងក្រុមហ៊ុន PR Property (Cambodia) Co., Ltd. នៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២២ នេះថា ជុំវិញលក្ខណៈផ្សេងៗ ធនាគារ PPCBank តែងតែនាំយកសេវាកម្មល្អៗ និងការអភិវឌ្ឍផលិតផលធនាគារដែលមានស្រាប់ ឲ្យកាន់តែមានភាពទាក់ទាញ ដើម្បីផ្ដល់គុណតម្លៃល្អប្រសើរ និងភាពសម្បូរបែបជូនដល់អតិថិជន, ជាក់ស្តែងតាមរយៈការចាប់ដៃគូនៅពេលនេះ នឹងដើរតួយ៉ាងសំខាន់ ក្នុងការបង្កើតឱកាសកាន់តែប្រសើរ សម្រាប់អតិថិជន ក៏ដូចជាការប្តេជ្ញាចិត្តមួយកម្រិតទៀត របស់ស្ថាប័នទាំងពីរក្នុងក្តីស្រមៃ ជាមួយនឹងលក្ខខណ្ឌពិសេស ពីឥណទានគេហដ្ឋានរបស់ធនាគារ PPCBank ក្នុងនោះសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ទិញផ្ទះនៅបុរី PR Property នឹងទទួលបានការអនុម័តកម្ចីកាន់តែងាយស្រួល និងលឿនជាងមុន ជាមួយនឹងទំហំកម្ចីរហូតដល់ ៩០% នៃតម្លៃផ្ទះសរុប។
ទាក់ទងការផ្តល់ប្រាក់កម្ចីនេះ លោក សង្ឃឹមថា ព្រឹត្តិការណ៍នៅក្នុងថ្ងៃនេះ នឹងពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងភាគីទាំងពីរ ក្នុងការផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់ដ៏ល្អ ដែលបង្កឲ្យមានភាពងាយស្រួលដល់អតិថិជន ក្នុងការបង់ប្រាក់ទៅតាមដំណាក់កាលនីមួយៗ រហូតការសាងសង់ត្រូវបានបញ្ចប់ ជាពិសេសទៀតនោះ គឺអាចជួយសម្រួលមួយផ្នែកធំ ដល់លទ្ធភាព នៃការទិញគេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគាត់ ក៏ដូចជាការទទួលបាននូវភាពកក់ក្តៅ ដោយសារធនាគារ PPCBank អនុញ្ញាតឲ្យធ្វើការបង់ប្រាក់ប្រចាំខែមានរយៈពេលយូរ រហូតដល់ទៅ ២០ឆ្នាំ។
ចំណែកលោក ទេស ភារុន អគ្គនាយកក្រុមហ៊ុន PR Property (Cambodia) Co., Ltd. ថ្លែងថា អតិថិជនរបស់បុរី PR Property ទាំងអស់ នឹងទទួលបានការស្នើសុំប្រាក់កម្ចីសម្រាប់ទិញផ្ទះកាន់តែងាយស្រួល តាមរយៈការប្រើប្រាស់សេវា FAST ACCOUNT ដែលអតិថិជនគ្រាន់តែតម្លើងកម្មវិធី PPCBank Mobile បន្ទាប់មកទៀត យើងអាចបើកគណនីរបស់ធនាគារ PPCBank បានដោយខ្លួនឯង និងអាចធ្វើការផ្ទេរប្រាក់មកក្រុមហ៊ុន PR Property បានកាន់តែរហ័ស ដោយមិនអស់កម្រៃសេវាតាមរយៈកម្មវិធី KHQR ផងដែរ។
លោក ទេស ភារុន បញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាមួយធនាគារ PPCBank គឺជាកិច្ចសហការមួយដ៏រឹងមាំ និងយូរអង្វែង ដោយហេតុថា ធនាគារ PPCBank ជាធនាគារដំបូងបង្អស់មួយនៅប្រទេសកម្ពុជា ដែលបានផ្ដល់លក្ខខណ្ឌវិនិយោគ ពិសេសសម្រាប់អ្នកអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យនៅប្រទេសកម្ពុជា និងផ្ដល់កម្ចីដល់គ្រប់ស្រទាប់អតិថិជនទាំងអស់។ ជាមួយគ្នានេះ តាមរយៈការចុះអនុស្សារណៈយោគយល់គ្នា អតិថិជនរបស់បុរី PR Property ទាំងអស់ ដែលមកជាវគម្រោងថ្មីៗ នឹងទទួលបាននូវលក្ខខណ្ឌអនុម័តប្រាក់កម្ចីដ៏ពិសេសគឺទទួលបានកម្ចីចាប់តាំងពីសំណង់ចាប់ផ្តើមបុកគ្រឹះលើកដំបូង ជាមួយទំហំប្រាក់កម្ចី ៩០% និងរយៈពេលស ២០ឆ្នាំ ព្រមទាំងទទួលបានការបញ្ចុះតម្លៃពិសេសពីគម្រោងបុរី PR Property ផងដែរ។ សម្រាប់ព័ត៌មានលម្អិត អតិថិជនអាចទាក់ទងទូរស័ព្ទលេខ៖ 086 758 889 / 061 758 889 / 060 758 889 ៕ អត្ថបទ៖ សុន រ៉ាឌី








