បាល់ទាត់៖ ក្រុមសូហ្វីយ៉ាប៉ៃលិន និងខេត្តបន្ទាយមានជ័យបានឡើងវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ ហើយ តែកៅអីលេខ១ និងលេខ២ ក្នុងពូល B រវាងក្រុមទាំងពីរត្រូវរង់ចាំអ៊ុតលទ្ធផលប្រកួតចុងក្រោយ របស់ខេត្តបន្ទាយមានជ័យជាមួយខេត្តពោធិ៍សាត់ ដ្បិតជាបណ្ដោះអាសន្ន ប៉ៃលិនកំពុងគ្រងកំពូលតារាងក្រោយប្រកួតឈ្នះខេត្តបន្ទាយមានជ័យ ៣-២ ក្នុងជំនួបជើងទី២ កាលពីល្ងាចថ្ងៃទី៤ ខែមេសាម្សិលមិញ។

ជំនួបក្រោមដំណក់ទឹកភ្លៀងដ៏ជោគជាំលើទីលានវិទ្យាល័យខ្លាកូននេះ ខេត្តបន្ទាយមានជ័យ បានបើកការនាំមុខ ១គ្រាប់មុននៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ ជេត សុផាន់និត នៅនាទី២៥។ តែចូលវគ្គទី២ ប៉ៃលិនមានឱកាសតាមស្មើវិញនៅនាទី៦២ ក្រោយការភ្លាត់ស្នៀតទាត់ចូលទីខ្លួនឯង ពីសំណាក់ខ្សែការពារខេត្តបន្ទាយមានជ័យ រហូតដល់នាទី៧៤ ទើបកីឡាករ ឈឿន គីមហ៊ុន រកបានគ្រាប់ទី២ ជួយឲ្យខេត្តបន្ទាយមានជ័យបើកការនាំមុខជាថ្មីលើក្រុមសូហ្វីយ៉ាប៉ៃលិន។ បន្ទាប់ពីត្រូវក្រុមម្ចាស់ផ្ទះនាំមុខម្ដងហើយម្ដងទៀត ក្រុមសូហ្វីយ៉ាប៉ៃលិនបានព្យាយាមវាយបកកាន់តែខ្លាំង ទោះបីមានបញ្ហាអាកាសធាតុក្ដីរហូតពួកគេអាចវាយបកបាន ២គ្រាប់វិញសម្រាប់រយៈពេល ១០នាទីចុងក្រោយ ពោលគឺកីឡាករ វៀន សុផានិត និងកីឡាករ ផាប់ ដារារដ្ឋ ដែលរកបានម្នាក់ ១គ្រាប់នៅនាទី៨១ និងនាទី៩០ ដែលជួយឲ្យក្រុមខ្លួនយកឈ្នះលើខេត្តបន្ទាយមានជ័យ ៣-២ ដើម្បីធានាកៅអីវគ្គបន្ទាប់ដ្បិតកាលពីជើងទី១ ក្រុមទាំងពីរបានបញ្ចប់ការប្រកួតត្រឹមស្មើគ្នា ២-២ ប៉ុណ្ណោះ។

នេះគឺជាការប្រកួតចុងក្រោយក្នុងពូល B របស់ក្រុមសូហ្វីយ៉ាប៉ៃលិន តែ ៣ពិន្ទុនេះបានធ្វើឲ្យពួកគេឡើងឈរកំពូលតារាងបណ្ដោះអាសន្ន ជាមួយលទ្ធផល ៦ប្រកួតឈ្នះ៣ ស្មើ២ និងចាញ់១ រកបាន ១១ពិន្ទុ គ្រាដែលខេត្តបន្ទាយមានជ័យបានធ្លាក់មកឈរលេខ២ វិញ ដោយរក្សា ១០ពិន្ទុក្នុងដៃ តែពួកគេមានភាគរយខ្ពស់ដើម្បីដណ្ដើមកៅអីកំពូលតារាងមកវិញ ព្រោះខេត្តបន្ទាយមានជ័យនៅសល់ ១ប្រកួតក្នុងដៃ ដោយត្រូវជួបក្រុមបាត់តារាងខេត្តពោធិ៍សាត់នាពេលខាងមុខ បន្ទាប់ពីប្រកួតនេះត្រូវបានលើកពេលកាលពីថ្មីៗ៕
អត្ថបទ៖ លី ឈុនឡា