ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គជ.ប.ជ )បានអំពាវនាវឱ្យសាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសជាមិត្ត បន្តសហការផ្តល់ព័ត៌មាន ឬតម្រុយនានាពាក់ព័ន្ធអំពើជួញដូរមនុស្ស ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសមួយនេះ នៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីអំពាវនាវរបស់សម្តេចក្រឡាហោម ស ខេង ដែលបានចេញនូវថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានលើកឡើងថា ក្នុងរយៈពេលប្រមាណជាងមួយឆ្នាំមកនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានទទួលសំណើ និងពាក្យបណ្ដឹងពីជនបរទេស និងស្ថានតំណាងបរទេសប្រចាំកម្ពុជាមួយចំនួនពាក់ព័ន្ធនឹងការស្នើសុំកិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងការស្នើសុំស្រាវជ្រាវស្វែងរកពលរដ្ឋ ដោយបានអះអាងថា ជាជនរងគ្រោះនៃអំពើជួញដូរ និងរត់ពន្ធមនុស្ស ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង។
តាមរយៈសេចក្តីអំពាវនាវនេះ សម្តេចក្រឡាហោម ស ខេង បានបន្តថា បន្ទាប់ពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើសំណើរ និងពាក្យបណ្តឹងទាំងនោះ ករណីភាគច្រើន ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបើកប្រតិបត្តិការស្រាវជ្រាវស្វែងរកឃើញ និងជួយសង្គ្រោះបានទាន់ពេលវេលា ព្រមទាំងបានលើកលែងការផាកពិន័យផ្សេងៗពាក់ព័ន្ធនឹង ស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ និងបានផ្ដល់ការសម្របសម្រួលនីតិវិធី ដើម្បីបណ្តេញចេញពីកម្ពុជាស្របតាមការកំណត់នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាក់ស្តែង គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេសដែលប្រកាសថា ជនរងគ្រោះចំនួន ៨៧ករណី ស្មើនឹងប្រមាណ ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅ តុលាការចំនួន១៧ករណី ជនសង្ស័យសរុបចំនួន ៦០នាក់។
ដោយឡែកនាសប្ដាហ៍ទី៤ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានបើកកិច្ចប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះសរុបចំនួន ០៧ករណី ដោយបានសង្គ្រោះជនរងគ្រោះសរុបចំនួន ២៥នាក់ (មាន ៦ សញ្ញាតិ) និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣នាក់ (មាន៤សញ្ញាតិ) នៅក្នុងខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះមានករណីសេសសល់បន្ថែមទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាកំពុងបន្តស្រាវជ្រាវ ដើម្បីសង្គ្រោះ និងបង្ក្រាប។
យ៉ាងណាក៏ដោយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្តេចក្រឡាហោម ស ខេង បានសម្តែងការសោកស្តាយ និងសូមថ្កោលទោសចំពោះអំពើដ៏អមនុស្សធម៌ទាំងនេះ។
សម្តេច ក៏បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះការផ្ដល់ព័ត៌មានផ្សេងៗ ពីសំណាក់បុគ្គល និងស្ថានតំណាងបរទេសប្រចាំកម្ពុជា នាពេលកន្លងមកពាក់ព័ន្ធទៅនឹងករណីខាងលើនេះផងដែរ។
តាមសេចក្តីអំពាវនាវនេះផងដែរ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តប្រកបដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជា។
សម្តេចក្រឡាហោម ស ខេង ក៏បានសម្តែងការរំពឹង យ៉ាងមុតមាំថា សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេស និងអាជ្ញាធរពាក់ព័ន្ធ បណ្តាប្រទេសជាមិត្ត នឹងបន្តផ្តល់កិច្ចសហការយ៉ាងសកម្ម និងជិតស្និទ្ធដើម្បីរួមគ្នាលុបបំបាត់ឧក្រិដ្ឋកម្មនេះ សំដៅការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិផងដែរ៕ អត្ថបទ៖ បាន ចក់









