ភ្នំពេញ៖ បច្ចុប្បន្ននៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាលសំគាល់ឃើញថា ពលរដ្ឋក្មេងចាស់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានលើសពី១០០% ហើយដើម្បីពង្រឹងភាពសុំានៅក្នុងខ្លួន និងទប់ស្កាត់ការរាតត្បាតកូវីដ១៩ នៅពេលនេះ បណ្តាពលរដ្ឋក្មេង ចាស់គឺបានបន្តចាក់វ៉ាក់សាំងដូសជម្រុញដែលមានគន្លាតបីខែម្តង តាមការណែនាំគ្រូពេទ្យជាធម្មតា។
បើតាមបណ្តាពលរដ្ឋដែលបានចាក់វ៉ាក់សាំងនៅមន្ទីរបង្អែកច្បារអំពៅរាជធានីភ្នំពេញ និងនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាលបានថ្លែងប្រាប់BTVនៅថ្ងៃទី២៦ ខែសីហានេះថា បច្ចុប្បន្នមេរោគកូវីដ១៩ និងមេរោគអូមីក្រុងប្រភេទថ្មី នៅមិនទាន់ផុតរលត់ចេញពីសហគមន៍ និងពីប្រទេសកម្ពុជាអស់នោះទេ ហើយមានតែបន្តប្រុងប្រយ័ត្នពាក់ម៉ាស់ រក្សាគន្លាត ឧស្សាហ៍លាងដៃ ជាពិសេសបន្តការចាក់វ៉ាក់សាំងដូសជម្រុញដើម្បីពង្រឹងភាពស៊ាំនៅក្នុងខ្លួន ការពារឆ្លងឈឺធ្ងន់ធ្ងរ ពីជំងឺគកូវីដ១៩ ។
បើតាមតំណាងគ្រូពេទ្យចាក់វ៉ាក់សាំងនៃមន្ទីរពេទ្យបង្អែកច្បារអំពៅ ថ្លែងថា ពីមួយថ្ងៃទៅមួយថ្ងៃ នៅមន្ទីរបង្អែកច្បាអំពៅ បានទទួលពលរដ្ឋមកចាក់វ៉ាក់សាំងជាហូរហែររៀងរាល់ថ្ងៃ ហើយនៅក្នុងដំណើរការចាក់វ៉ាក់សាំងដូសជម្រុញនេះ ពលរដ្ឋមកចាក់ដូសទី៤ និងដូសទី៥ ហាក់មានយឺតយ៉ាវបន្តិច។
បើតាមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថ្លែងថា នៅពេលបច្ចុប្បន្ន នៅទូទាំងរាជធានីភ្នំពេញ មានទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ មានប្រមាណជិត៥០ទីតាំង ហើយមួយថ្ងៃទៅមួយថ្ងៃទទួលពលរដ្ឋទៅចាក់វ៉ាក់សាំងជាមធ្យមបាន ៣០០០នាក់ ខណៈទូទាំងរាជធានីភ្នំពេញការចាក់ដូសមូលដ្ឋានចាប់ពីក្មេងអាយុ៣ឆ្នាំរហូតដល់១៨ឆ្នាំឡើងទៅ ចាក់បានលើសគោលដៅ២លាននាក់ ក្នុងនោះការចាក់ដូសទី៣ជូនមនុស្សចាប់ពី៣ឆ្នាំឡើងចាក់បាន៩៦% ហើយបច្ចុប្បន្នយើងកំពុងជម្រុញការចាក់ដូសទី៤ និង៥នៅតាមមន្ទីរពេទ្យផង និងពង្រីកការចាក់តាមខ្នងផ្ទះតាមសហគមន៍ និងតាមរោងចក្រជាដើម។
ដោយឡែកនៅឯ ខេត្តកណ្តាល បើតាមវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល ថ្លែងថា ពីមួយទៅមួយថ្ងៃមានពលរដ្ឋក្មេងចាស់ទៅចាក់វ៉ាក់សាំងដូសជម្រុញជាមធ្យមបានប្រមាណ ១០០០នាក់ ហើយក្រុមពេទ្យក៏បានពង្រីកការចាក់ចុះទៅដល់ខ្នងផ្ទះ និងតាមទីប្រជុំជន។
សម្រាប់ដូសមូលដ្ឋាននៅខេត្តកណ្តាលក្រុមពេទ្យចាក់បាន១លាន១សែននាក់ លើសគោលដៅគ្រោងទុក១០០% ខណៈការចាក់ដូសទី៣ធ្វើបាន៩២% ដូសទី៤ចាក់បាន២៨% និងដូសទី៥ចាក់២.៦៥%៕ អត្ថបទ ស៊ុម សុខជា